មុនទទួលបានគោរមងារ «ឧកញ៉ា» លោកស្រី ណូ សុភា បរិច្ចាគថវិកាជួយសង្គមប្រមាណ ៦០ម៉ឺនដុល្លារ រយៈពេល២ខែដំបូង ឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ លោកស្រី ណូ សុភា  (លោកស្រី សុភា បុត្រឈរ – Sophea Bottcher) ដែលជាសប្បុរសជន​ខ្មែរ​​រស់នៅ​ក្រៅ​ប្រទេស ជា «ឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនទទួលបានគោរមងារ «ឧកញ៉ា» លោកស្រី ណូ សុភា ធ្លាប់បានបង្ហាញឱ្យដឹងនៅលើបណ្តាញសង្គមថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៦នេះ លោកស្រី និងស្វាមី បានបរិច្ចាគថវិកាជាបន្តបន្ទាប់ ដើម្បីជួយដល់អ្នកខ្វះខាត និងសង្គមនៅកម្ពុជា ដោយខែទីមួយ បរិច្ចាគប្រមាណ ៣៣០ ០០០ដុល្លារ និងខែទីពីរ បរិច្ចាគប្រមាណ ២៧០ ០០០ដុល្លារ។ ដូច្នេះសរុបទាំងពីរខែ បានបរិច្ចាគសរុបប្រមាណ ៦០០ ០០០ដុល្លារ (៦០ម៉ឺនដុល្លារ)។ លោកស្រី បានបន្តថា នេះគឺជាការចែករំលែកដោយបេះដូង សេចក្តីស្រឡាញ់ និងបំណងចង់ឃើញសង្គមយើង​កាន់តែល្អ​ប្រសើរ។

ជាមួយគ្នានេះ នៅថ្ងៃទី៨ ខែឧសភានេះ ឧកញ៉ា ណូ សុភា ក៏បានផ្ញើសារថ្លែងអំណរគុណផងដែរ បន្ទាប់ពីទទួល​បានគោរមងារ «ឧកញ៉ា»។ លោកស្រីឧកញ៉ា បានបង្ហោះសារលើទំព័រហ្វេសប៊ុកបែបនេះថា៖ “នាងខ្ញុំ​សូមក្រាបបង្គំ​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោស​ព្រះរាជទាន​គោរមងារដ៏ខ្ពង់ខ្ពស់មួយនេះដល់នាងខ្ញុំ។ នេះគឺជាកិត្តិយស និងមោទនភាពដ៏ធំធេងសម្រាប់នាងខ្ញុំ និងក្រុមគ្រួសារ។

នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងរាជរដ្ឋាភិបាល​កម្ពុជា ដែលបានផ្តល់កិត្តិយស និងការគាំទ្រដ៏ថ្លៃថ្លានេះ”។

ឧកញ៉ា ណូ សុភា បានបន្ថែមថា សូមអរគុណពីដួងចិត្តចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មិត្តភក្តិ និងអ្នកគាំទ្រទាំងអស់ ដែលបានផ្ញើសារអបអរសាទរ និងផ្តល់ក្តីស្រឡាញ់ដ៏កក់ក្តៅមកកាន់លោកស្រី។ សូមជូនពរព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងអស់ សូមប្រកបដោយសុខភាពល្អ សេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕