នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយ សមាគមភស្តុភារកម្មកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងការដឹកជញ្ជូន និងលក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៦០ នាក់។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់ទៅលើប្រធានបទ ៤ រួមមាន៖
១ ទិដ្ឋភាពរួមក្នុងការតភ្ជាប់ពាណិជ្ជកម្ម និងការដឹកជញ្ជូន
២ លក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ (Incoterms) និងវិធីសាស្ត្រនៃការអនុវត្ត
៣ នីតិវិធីនៃការនាំចេញអង្ករ
៤ ការអនុវត្តជាក់ស្តែងនៃការនាំចេញអង្ករទៅបរទេស។
ជាកិច្ចបញ្ចប់នៃវគ្គបណ្ដុះបណ្ដាល កញ្ញា សៅ ខេណ្ណារ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកស្រី អ៊ូ សុភ័ក្រ អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងការប្រគល់ជូននូវវិញ្ញាបនបត្របញ្ជាក់ការចូលរួមទៅកាន់សិក្ខាកាមទាំងអស់ដែលបានចូលរួមផងដែរ៕







