កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សាលាអន្តរជាតិ Bromsgrove International School Cambodia (BISC) បានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាលាអន្តរជាតិ Bromsgrove International School Cambodia (BISC) ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច និងឧកញ៉ា កែវ សម្បត្តិ ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃសាលាអន្តរជាតិប្រូមស៍ហ្រ្គូវកម្ពុជា និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ កិច្ចសហការនេះគឺដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបទៅនឹងការរីកចម្រើនរបស់សង្គមជាតិ។
សូមបញ្ជាក់ផងដែរថា Bromsgrove គឺជាសាលាដែលក្រុមហ៊ុន Visionary Alliance for Education Co., Ltd បានទិញសិទ្ធិពីចក្រភពអង់គ្លេស ក្នុងគោលបំណងដើម្បីបាននាំយកនូវសាលាដែលពោរពេញទៅដោយបទពិសោធន៍ និងគុណភាពក្នុងការផ្តល់នូវសេវាអប់រំលំដាប់ពិភពលោក ដើម្បីបានអភិវឌ្ឍន៍នូវគុណភាពធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា៕










