ករណីទំនាស់ដីធ្លីរវាង ឧកញ៉ា ថោង សារ៉ាត់ និងវីរៈកងទ័ព នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបញ្ចប់ក្រោមការយោគយល់គ្នាទៅវិញទៅមក។ នេះបើតាមការបង្ហាញឱ្យដឹងពី លោក ផែង វណ្ណៈ ក្នុងនាមជាសាក្សី។

លោក ផែង វណ្ណៈ បានបញ្ជាក់នៅលើបណ្តាញសង្គម នារសៀលថ្ងៃទី២៤ ខែមិថុនានេះថា ករណីទំនាស់ដីធ្លីរវាង ឧកញ៉ា ថោង សារ៉ាត់ និងវីរៈកងទ័ព នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបញ្ចប់ក្រោមការយោគយល់គ្នាទៅវិញទៅមក។ វីរៈកងទ័ពបានទទួលដីនិងប្រាក់ឧបត្ថម្ភបន្ថែមពី ឧកញ៉ា ថោង សារ៉ាត់ ហើយ ឧកញ៉ា ថោង សារ៉ាត់ ក៏បានដកពាក្យបណ្ដឹងឈប់ប្ដឹងផ្ដល់វីរៈកងទ័ពផងដែរ។ ការសម្របសម្រួលបញ្ចប់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
សូមជម្រាបថា ក្នុងការបញ្ចប់ករណីទំនាស់ដីធ្លីនេះ លោកឧកញ៉ា ថោង សារ៉ាត បានយល់ព្រមផ្តល់ដីមួយឡូត៍ ទំហំ ១០ម៉ែត្រ x ១៤ម៉ែត្រ ស្មើនឹង ១៤០ម៉ែត្រក្រឡា ព្រមទាំងជួយចាក់ដីឡូត៍ឱ្យស្មើថ្នល់ ហើយលោកឧកញ៉ា ក៏បានយល់ព្រមដកពាក្យបណ្តឹងដែលបានប្តឹងវិរៈកងទ័ពឈ្មោះ ប៊ុន ចាន់ដារ៉ានី ពីតុលាការខេត្តកណ្តាលផងដែរ។
គួររំឭកថា កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ផែង វណ្ណៈ បានប្រកាសពីជំហរក្នុងការជួយស្វែងរកការពិត និងផ្ដល់ជំនួយផ្នែកច្បាប់ ជូនដល់បងប្អូនដែលជាវីរៈកងទ័ពជួរមុខចំនួន ៣រូប ក្រោយពីមានការបង្ហោះវីដេអូអះអាងថាបានរងភាពអយុត្តិធម៌ ក្នុងករណីដោះដូរដីធ្លី ជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ថោង សារ៉ាត់៕



