អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាការងារជាមួយបណ្ដាអង្គទូត នៃប្រទេសសមាជិកអាស៊ាននៅកម្ពុជា ដើម្បីជំរុញបរិយាកាសធុរកិច្ច

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលការអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីពិសាអាហារថ្ងៃត្រង់ការងារជាមួយ ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត នៃប្រទេសអាស៊ាន នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីពិសារអាហារថ្ងៃត្រង់នេះ ត្រូវបានរៀបចំដោយលោក ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពី ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត និងតំណាង នៃប្រទេសសមាជិកអាស៊ាន នៅកម្ពុជា។

ពិធីនេះបង្ហាញពីសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈ អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ សមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងភាពជាដៃគូរវាងអាស៊ាន និងវិស័យឯកជន។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង នឹងចែករំលែកទស្សនៈអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសធុរកិច្ច និងវិនិយោគដែលកំពុងមានសន្ទុះរីកចម្រើន ព្រមទាំងតួនាទីកាន់តែសំខាន់របស់វិស័យឯកជន ក្នុងការគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

អ្នកឧកញ៉ា ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធរវាងសហគមន៍ធុរកិច្ច និងដៃគូអាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

សូមជម្រាបថា ការអញ្ជើញនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់ខ្ពស់ ចំពោះភាពជាអ្នកដឹកនាំរបស់វិស័យឯកជនកម្ពុជា និងជាការទទួលស្គាល់ចំពោះតួនាទីយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន៕