កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានរៀបចំពិធីខួបកំណើត កូនស្រីសម្លាញ់ គិត ស៊ូណាវីន ទេវី ដែលឈានចូលដល់វ័យ ១៨ឆ្នាំ។

ក្នុងពិធីអបអរសាទរ រីករាយថ្ងៃខួបកំណើតកូនស្រី អ្នកឧកញ៉ា គិត ម៉េង បានរៀបចំជាលក្ខណៈគ្រួសារដោយមានការជួបជុំញាតិមិត្តិជិតស្និទ្ធ និងត្រឹមក្រុមការងារមួយចំនួនប៉ុណ្ណោះ។ ជាមួយគ្នានោះ ក៏មានវត្តមាន អ្នកឧកញ៉ា ថៃ ជាហួត អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា ជាម ឃុនណាត ផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហោះសារដ៏មានអត្ថន័យផងដែរថា៖ “រយៈពេល១៨ឆ្នាំមកនេះ ម៉ាក់កូន និងប៉ាបានខិតខំបង្ហាត់បង្រៀនកូនយ៉ាងច្រើនលើសពីការផ្តល់ភាពសុខស្រួលដល់កូន។ ប៉ាម៉ាក់សង្ឃឹមថាបានបង្រៀនកូនឱ្យស្គាល់គុណតម្លៃពិតនៃជីវិត គឺឱ្យចេះរក្សាចិត្តសប្បុរសនៅពេលមនុស្ស ឬស្ថានភាពនៅជុំវិញកូនមានការលំបាក ឬភាពអាប់អួ ឱ្យមានភាពក្លាហាននៅពេលជីវិតជួបការលំបាក ឱ្យបន្ទន់កាយវាចាឱ្យទន់ភ្លន់នៅពេលទទួលភាពជោគជ័យ និងរក្សាភាពរឹងមាំទោះបីគ្មានអ្នកណាម្នាក់កត់សម្គាល់ឃើញសកម្មភាពរបស់កូនក៏ដោយ”។
“ដោយសារកូនឈានចូលដល់ភាពពេញវ័យ ចូរកូនចងចាំថា គុណតម្លៃពិតរបស់មនុស្សមិនត្រូវបានវិនិច្ឆ័យដោយផ្អែកលើឋានៈ ប្រជាប្រិយភាព ឬសមិទ្ធផលនោះទេ ប៉ុន្តែតាមរយៈសមានចិត្តសប្បុរសរបស់កូន អត្តចរិតដែលកូនកសាងទ្បើង និងរបៀបនៃការបន្តដំណើរជីវិតរបស់កូនទៅមុខ ទោះបីស្ថិតក្នុងស្ថានភាពប្រឈម ឬមិនប្រាកដប្រជាក៏ដោយ..។ ថ្ងៃនេះ យើងមិនត្រឹមតែអបអរសាទរ និងជូនពរថ្ងៃខួបកំណើតរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែក៏កោតសរសើរចរិយាសម្បត្តិដែលកូនកំពុងមានផងដែរ។ រីករាយថ្ងៃខួបកំណើតគម្រប់១៨ឆ្នាំ កូនស្រី ស៊ូណាវីន! គ្រួសារយើងស្រឡាញ់កូនជារៀងរហូត”។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានបុត្រាបុត្រីចំនួន ៤នាក់គឺ កូនប្រុសច្បង ឧកញ៉ា គិត ស៊ូឡា បច្ចុប្បន្នកំពុងកាន់តួនាទីជា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ, កញ្ញា គិត ស៊ូរៀរង្សី, កញ្ញា គិត ស៊ូណាវីន ទេវី និងកូនប្រុសពៅ គិត ស៊ូឡុង៕















រូបភាព៖ The Ring

