ឧកញ៉ា ណូ សុភា ប្រាប់មូលហេតុដែលនៅខិតខំជួយអ្នកដទៃ ទោះបីខ្លួនឆ្លងកាត់ការឈឺចាប់ជាច្រើន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានបង្ហើបប្រាប់ពីមូលហេតុពិត ដែលនៅតែខិតខំជួយអ្នកដទៃ ទាំងដែលបានឆ្លងកាត់ការលំបាក និងការឈឺចាប់​ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម កាលពេលថ្មីៗនេះ លោកស្រីឧកញ៉ា បានលើកឡើងថា កាលពីមុន លោកស្រីហត់​នឹងការតស៊ូ ហត់នឹងការធ្វើការ ហត់នឹងការស្វែងរកសេចក្តីសុខ និងហត់នឹងការកសាងជីវិតឱ្យប្រសើរឡើង។ ថ្ងៃនេះ លោកស្រីលែងហត់នឹងការរកទ្រព្យសម្បត្តិទៀតហើយ។ អ្វីដែលលោកស្រីហត់ គឺហត់នឹងការចែករំលែក​សេចក្តីស្រឡាញ់ សេចក្តីមេត្តា និងក្តីសង្ឃឹមទៅកាន់អ្នកដទៃឱ្យបានច្រើនបំផុត។

លោកស្រីឧកញ៉ា បានបន្តថា ទ្រព្យសម្បត្តិពិតប្រាកដ មិនមែនស្ថិតនៅក្នុងចំនួនលុយដែលយើងមានទេ ប៉ុន្តែស្ថិត​នៅក្នុងចំនួនស្នាមញញឹមដែលយើងអាចបង្កើតបាន និងចំនួនជីវិតដែលយើងអាចជួយឱ្យប្រសើរឡើង។ លោកស្រី​ជឿថា មេត្តាធម៌មិនមែនជារឿងចៃដន្យទេ។ វាជានិស្ស័យ ជាបុណ្យកុសល និងជាការជួបគ្នារវាងមនុស្ស​ដែលមាន​បេះដូងល្អ។ ដូច្នេះ មិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចទទួលបានជំនួយពីលោកស្រីនោះទេ។ អ្នកដែលទទួលបាន គឺជាអ្នកដែលមានវាសនាល្អ មានបុណ្យកុសល មានចិត្តសុចរិត និងមាននិស្ស័យល្អជាមួយលោកស្រី។

«ជីវិតខ្លីណាស់។ អ្វីដែលយើងអាចយកទៅជាមួយបាន មិនមែនជាទ្រព្យសម្បត្តិទេ ប៉ុន្តែគឺអំពើល្អដែលយើងបានធ្វើ និងសេចក្តីស្រឡាញ់ដែលយើងបានចែករំលែក។ សូមឱ្យយើងទាំងអស់គ្នា ជ្រើសរើសធ្វើអំពើល្អនៅថ្ងៃនេះ ព្រោះអំពើ​ល្អតូចមួយ អាចផ្លាស់ប្តូរជីវិតរបស់នរណាម្នាក់បាន»។ លោកស្រីឧកញ៉ា បានបន្ថែម។

សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹង​សុខទុក្ខ​ប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗ​មួយ​ចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕