អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ រួមទាំងសប្បុរសជនមួយចំនួនទៀត បានផ្តួចផ្តើមចូលរួមជាបច្ច័យ ក្នុងគម្រោងពង្រីកប្រព័ន្ធទឹកស្អាត និងជួសជុលមហាកុដិ នៅក្នុងវត្តគល់ទទឹង ដែលគម្រោងនេះត្រូវបានប៉ាន់ប្រមាណចំណាយសរុបចំនួនជាង ១៧,០០០ដុល្លារអាមេរិក។

សប្បុរសជនដែលបានចូលរួមបច្ច័យលើគម្រោងអភិវឌ្ឍន៍បន្ថែមទឹកស្អាតនេះ រួមមាន៖ អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជូ ចំនួន ៥,០០០ដុល្លារ, អ្នកឧកញ៉ា លឹម រស់ និងលោកជំទាវអ្នកឧកញ៉ា សិទ្ធី ម៉ូនិកា ៥,០០០ ដុល្លារ ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ាៗ សប្បុរសជន ជាង ៤០រូបផ្សេងទៀត។
នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហេង សៀ ក៏បានដឹកនាំក្រុមការងារទៅកសាងបញ្ចប់ការតទឹកស្អាត ដល់វត្តគល់ទទឹង ដែលមានពីមុនមានទំហំ ១៥ ហ៊ុន រហូតឡើងទៅ ៤០ ហ៊ុន ដើម្បីមានលទ្ធភាពប្រើប្រាស់ទឹកបាន ២៤០ ម៉ែត្រគីម/ថ្ងៃ។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ក៏បាននាំយកទុយោទឹកចំនួន ៦៣ ដើម ប្រគេនជូន ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ( ព្រះចៅអធិការវត្ត)និង សម្តេចព្រះឧត្តមវង្សា គូ សុភាព ផងដែរ។
សូមជម្រាបថា វត្តគល់ទទឹង មានទីតាំងស្ថិតនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្រាប់គម្រោងបន្ទាប់ ក្រុមការងារនឹងបន្តសិក្សាលើគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធភ្លើងសូឡាបំភ្លឺ (Solar) ជំនាន់ថ្មី កម្លាំង ១៥០A ផងដែរ។








