ឧកញ៉ា តុង ហុកសេង នឹងនាំកូនស្រីឈ្មោះ សាម ម៉ីជូ ទៅប្រគល់ជូនសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឱ្យមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់បានបាត់បង់ជីវិត។ នេះបើតាមលោក ផែង វណ្ណៈ។

លោក ផែង វណ្ណៈ បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះថា៖ “ពិតជាប្រពៃណាស់ មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានច្បាស់ការថា នៅវេលាម៉ោង ២:០០ នាទី រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧកញ៉ា តុង ហុកសេង នឹងនាំកូនស្រីឈ្មោះ សាម ម៉ីជូ ទៅប្រគល់ជូនសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ សូមគាំទ្រនូវការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។ ជនរងគ្រោះនឹងទទួលបានយុត្តិធម៌ ចំណែកមហាជនក៏ស្ងប់ចិត្ត”។
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក៏បានប្រកាសឲ្យនារីអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសជាមន្ត្រីរាជការម្នាក់បាត់បង់ជីវិតនៅខណ្ឌសែនសុខ ត្រូវចូលខ្លួនសារភាពទទួលកំហុស កុំព្យាយាមគេចខ្លួនតទៅទៀត។
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ លោក ជួន ណារិន្ទ បានលើកឡើងថា៖ “ខ្ញុំសូមជុំរាបជូនក្មួយស្រី ឈប់ព្យាយាមរត់គេចខ្លួនទៅ ចូលសារភាពនៅអង្គភាពណាក៏បាន ធ្វើដូចកូនខ្លាអញ្ជឹង។ សមត្ថកិច្ចបានបិទច្រក់អស់ហើយ ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនព្រមទាំងអ្នកឃុបឃិតជួយលាក់បំពួន”។
សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យបុរសជនរងគ្រោះជាមន្ត្រីរាជការ បាត់បង់ជីវិតនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាមន្ដ្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ។ ចំណែកអ្នកបើករថយន្ដបង្កម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 ក៏ត្រូវបានប្រភពមួយបង្ហាញថាមានឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានគេដឹងថាជាកូនស្រីរបស់ឧកញ៉ា តុង ហុកសេង មានអាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ៕






