កូនស្រីអ្នកឧកញ៉ា លី ឃុនថៃ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីប្រទេស​អូស្ត្រាលី

ជុំវិញ​ឧកញ៉ា

កូនស្រីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល Alpha Group និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ខា ឡេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លី ឃុនថៃ បានបង្ហោះសារអបអរសាទរដល់កូនស្រីជាទីស្រឡាញ់នៅលើបណ្តាញសង្គម នាថ្ងៃពុធនេះ​ថា៖ “ថ្ងៃនេះ ជាថ្ងៃដ៏មានតម្លៃបំផុតមួយក្នុងឆាកជីវិតរបស់កូន។ ក្នុងរយៈពេល ១៩ ឆ្នាំ ៦ ខែ នៃដំណើរជីវិត កូនបានខិតខំតស៊ូ ព្យាយាម និងដើរឆ្ពោះមកដល់ថ្ងៃដ៏មានមោទនភាពនេះ។ ក្នុងឱកាសដែលកូនបាន​បញ្ចប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Melbourne ពុកម៉ែមានសេចក្តីរំភើប និងមោទនភាពចំពោះ​កូនជា​ទីបំផុត”។

អ្នកឧកញ៉ា បន្តថា៖ “សូមកូនចងចាំជានិច្ចថា ពុកម៉ែ និងក្រុមគ្រួសារ គឺជាជម្រកដ៏កក់ក្តៅ ជាកម្លាំងចិត្តដ៏រឹងមាំ និងជាទីប្រឹក្សារបស់កូនគ្រប់ពេលវេលា។ មិនថាកូនធ្វើដំណើរទៅឆ្ងាយដល់ទីណាក៏ដោយ បេះដូង និងសេចក្តី​ស្រឡាញ់របស់យើង តែងតែនៅជាប់ជាមួយកូនជានិច្ច។ សូមកូនកុំភ្លេចដីកំណើត និងមាតុភូមិកម្ពុជា ដែលជា​ទឹកដីកំណើតរបស់កូន។ សូមយកចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលកូនបានរៀនសូត្រ មកចូលរួម​បម្រើសង្គម និងប្រទេសជាតិ”។

“សូមកូនបន្តដើរទៅមុខដោយក្តីសុបិន និងគោលដៅច្បាស់លាស់ ប្រកបដោយប្រាជ្ញា ភាពក្លាហាន និងគុណធម៌។ សូមក្លាយជាមនុស្សដែលមានតម្លៃ និងមានប្រយោជន៍សម្រាប់សង្គម និងមាតុភូមិរបស់យើង។ សេចក្តីស្រឡាញ់​របស់ពុកម៉ែ និងក្រុមគ្រួសារយើងចំពោះកូន នឹងស្ថិតស្ថេរជារៀងរហូត”។ អ្នកឧកញ៉ា លី ឃុនថៃ បានបន្ថែម។

សូមជម្រាបថា សាកលវិទ្យាល័យ Melbourne ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៥៣ គឺជាសាកលវិទ្យាល័យ​លំដាប់​កំពូលលេខ១ ប្រចាំប្រទេសអូស្ត្រាលី និងជាប់ចំណាត់ថ្នាក់លេខ ២២ ទូទាំងពិភពលោក។ សាកលវិទ្យាល័យនេះ ផ្តល់នូវកម្មវិធីសិក្សាលំដាប់ពិភពលោក (World Class) សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់​ថ្នាក់បណ្ឌិត​ៗលើផ្នែកស្រាវជ្រាវផងដែរ។