អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមជួបសម្តែងការគួរសម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងប្រគល់ថវិកា​ជាង ១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា ចូលរួមជំនួបសម្តែងការគួរសម និងពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសប្បុរសជនរបស់សភាពាណិជ្ជកម្មកម្ពុជា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាកាក​បាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោក ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាដើម្បីមនុស្សធម៌»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ សភាពាណិជ្ជកម្មកម្ពុជា តែងតែចូលរួមចលនាបំផុស និងលើកទឹកចិត្តដល់សមាជិក សមាជិកា និងសប្បុរសជន ឱ្យចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត និងសទ្ធាជ្រះថ្លា ដើម្បីគាំទ្រដល់បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

សម្រាប់ឆ្នាំ២០២៦នេះ សភាពាណិជ្ជកម្មកម្ពុជា ទទួលបានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសប្បុរសជន ដោយប្រមូលបានថវិកាសរុបចំនួន ១,០៤៤,១០០ ដុល្លារអាម៉េរិក ដើម្បីប្រគល់ជូនកាកបាទ​ក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោក ៨ ឧសភា និងខួបលើកទី៧១ នៃការបង្កើតកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌»។

ការចូលរួមបរិច្ចាគនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការទទួលខុសត្រូវសង្គមរបស់​វិស័យ​ឯកជន ក៏ដូចជាការចូលរួមគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងការបន្តផ្តល់ជំនួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយ និងអ្នកដែលត្រូវការជំនួយមនុស្សធម៌នៅទូទាំងប្រទេស។ ហើយការរួមចំណែក​ដ៏ថ្លៃថ្លានេះ ឆ្លុះបញ្ចាំងពីការបន្តរួមកម្លាំងគ្នារវាងវិស័យឯកជន និងស្ថាប័នមនុស្សធម៌ ដើម្បីពង្រឹងភាពធន់ក្នុងសង្គម និងរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បានលើកឡើងថា ការចូលរួមចំណែកជាបន្តបន្ទាប់របស់វិស័យឯកជន គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់បេសកកម្មមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា និងជាកម្លាំងដ៏សំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្តដល់សមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់​អ្នកឧកញ៉ា គិត ម៉េង ឱ្យបន្តចូលរួមក្នុងគំនិតផ្តួចផ្តើមសង្គម និងមនុស្សធម៌នានា ដែលអាចរួមចំណែកលើកកម្ពស់​សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។