(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាព និងប្រតិបត្តិការរបស់ ចំណតផែកុងតឺន័រ LM១៧ នៃកំពង់ផែស្វយ័តភ្នំពេញ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ាប្រធាន និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ ឯកឧត្តម ម៉ម រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តភ្នំពេញ និងជាទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃកំពង់ផែស្វយ័តភ្នំពេញ។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព សមត្ថភាព និងសក្តានុពលរបស់កំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងតួនាទីដ៏សំខាន់របស់កំពង់ផែ ក្នុងការគាំទ្រដល់ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជាក៏បានស្វែងយល់បន្ថែមអំពីឱកាសនានា ក្នុងការពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានបានលើកឡើងអំពីតួនាទី និងបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការគាំទ្រ និងតំណាងឱ្យវិស័យឯកជន។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជាមាននៅតាមបណ្តាខេត្តនានា ព្រមទាំងបានពង្រឹង និងពង្រីកបណ្តាញអន្តរជាតិ តាមរយៈបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ចំនួន ៨ ការិយាល័យ រួមមាន៖ ប្រទេសជប៉ុន (តំបន់សេនដាយ) ប្រទេសកាណាដា (ទីក្រុងតូរ៉ុនតូ និងទីក្រុងម៉ុងរ៉េអាល់) សហរដ្ឋអាមេរិក (រដ្ឋកាលីហ្វ័រញ៉ា) ប្រទេសអូស្ត្រាលី (ទីក្រុងមែលប៊ន, ទីក្រុងស៊ីដនី និងទីក្រុងអាដេឡែត) និងប្រទេសនូវែលសេឡង់ (ទីក្រុងអូក្លង់)។ សភាពាណិជ្ជកម្មកម្ពុជា ក៏គ្រោងនឹងបង្កើតការិយាល័យតំណាងនៅប្រទេសបារាំងនាពេលខាងមុខនេះ។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជាក៏មានតួនាទីសំខាន់ក្នុងក្រុមការងារនៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏សំខាន់សម្រាប់ប្រមូល និងលើកយកបញ្ហាប្រឈមរបស់វិស័យឯកជន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងយល់ពីតម្រូវការ និងសក្តានុពលនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងបន្តជំរុញកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង។













