ទីក្រុងហ្សឺណែវ ប្រទេសស្វីស – ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ – អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) បានចូលរួមជាមួយថ្នាក់ដឹកនាំអាជីវកម្មជាន់ខ្ពស់ មកពីជុំវិញពិភពលោកនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំ ២០២៦ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ WEF (វេទិកាសេដ្ឋកិច្ចពិភពលោក)។ ជាការកត់សម្គាល់ កិច្ចប្រជុំនេះអាចចូលរួមបានសម្រាប់តែបុគ្គលដែលទទួលបានការអញ្ជើញជាពិសេសតែប៉ុណ្ណោះ ដោយមានគោលបំណងក្នុងការប្រមូលផ្តុំនូវមតិយោបល់ពីរាល់គ្រប់វិស័យ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗដែលកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន ។

ក្នុងកិច្ចពិភាក្សារយៈពេលពីរថ្ងៃនេះ បានផ្តោតលើប្រធានបទសំខាន់ៗជាច្រើនរួមមាន ទស្សនវិស័យនៃសេដ្ឋកិច្ចពិភពលោក ភូមិសាស្ត្រនយោបាយក្នុងបរិបទប្រកួតប្រជែងជាសកល គម្លាតនៃយល់ដឹងអំពីតម្លៃពីបញ្ញាសិប្បនិម្មិត (AI) (ការបង្កើតនិងទាញប្រយោជន៍ពីAI) ព្រមទាំងការផ្លាស់ប្តូរការគ្រប់គ្រងប្រកបដោយសក្តានុពល និងភាពពឹងផ្អែកទៅវិញទៅមកក្នុងយុគសម័យបញ្ញាសិប្បនិម្មិត(AI) ដោយប្រធានបទទាំងនេះមានសារៈសំខាន់សម្រាប់ស្វែងរកកំណើន និងរក្សាស្ថេរភាពក្នុងបរិបទសកលដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។ កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសដល់ អ្នកឧកញ៉ា សៀ ឬទ្ធី ក្នុងការផ្លាស់ប្តូរទស្សនៈ និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីដទៃដែលមកពីវិស័យផ្សេងៗ និងតំបន់ភូមិសាស្ត្រចម្រុះនានាជុំវិញពិភពលោក ដែលជួយពង្រឹងនូវកិច្ចចរចារដែលមាន និងកំពុងបន្តរបស់ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) លើការសហការស្វែងរកដំណោះស្រាយ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ សន្តិសុខថាមពល បានក្លាយជាប្រធានបទលេចធ្លោមួយនៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សាទាំងមូល ស្របពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងតែកើនឡើង ដោយក្នុងនោះក៏មានវគ្គកិច្ចពិភាក្សាដើម្បីពិនិត្យមើលការកំណត់រចនាសម្ព័ន្ធឡើងវិញនៃថាមពលសកល លំហូរពាណិជ្ជកម្មទំនិញ និងការតភ្ជាប់សេដ្ឋកិច្ច ព្រមទាំងសក្តានុពលដែលកំពុងវិវត្តនៅក្នុងទីផ្សារទំនិញសាកល។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាទាំងនេះ អ្នកឧកញ៉ា សៀ ឬទ្ធី បានជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំ និងឥស្សរជនដែលមានឥទ្ធិពលជាច្រើនមកពីវិស័យថាមពលសកល ដោយផ្តោតលើនិន្នាការ បញ្ហាប្រឈម និងឱកាសនានាដែលកំពុងកំណត់អនាគតនៃវិស័យថាមពល និងសន្តិសុខថាមពលនៅលើឆាកអន្តរជាតិ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា “សន្តិសុខថាមពលបានក្លាយជាគន្លឹះក្នុងយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ” និងបានបន្តថា “ខណៈពេលដែលភាពតានតឹងបានផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្លូវពាណិជ្ជកម្មទូទាំងពិភពលោក វាកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អាជីវកម្មនានា ក្នុងការបន្តចូលរួមក្នុងការពិភាក្សាពាក់ព័ន្ធនឹងសមត្ថភាពនិងភាពធន់នៃវិស័យថាមពល ដើម្បីអាចឱ្យយើងព្យាករណ៍អំពីការផ្លាស់ប្តូរ និងសម្របខ្លួនបានប្រកបដោយប្រសិទ្ធភាព”។
ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) ប្តេជ្ញាបន្តពង្រឹងការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា និងបន្តវិសាលភាពដល់ថា្នក់តំបន់។ ទស្សនវិស័យដែលអ្នកឧកញ៉ា សៀ ឬទ្ធី ទទួលបានពីកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលៗរបស់វេទិកាសេដ្ឋកិច្ចពិភពលោកទីក្រុងហ្សឺណែវ ត្រូវបានរំពឹងទុកថានឹងចូលរួមចំណែកក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននាពេលខាងមុខនេះ។

