អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បានផ្ញើសារគោរពថ្លែងអំណរគុណ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដែលតែងតែផ្តល់អនុសាសន៍ជាមួយនឹងបទពិសោធន៍ល្អៗ នាពេលកន្លងមក។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបង្ហោះរូបភាពជាមួយ អ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសចូលរួមវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា» ភ្ជាប់ជាមួយសារបែបនេះថា៖ “សូមគោរពអរគុណអ្នកឧកញ៉ាប្រធាន គិត ម៉េង ដែលតែងតែផ្តល់អនុសាសន៍ជាមួយនឹងបទពិសោធន៍ល្អៗកន្លងមក។ មិនថាអ្នកពូកែប៉ុណ្ណានោះទេ ការទទួលយកការណែនាំពីរៀមច្បង ជាមេរៀននិងការដូធំបំផុតដែលគ្មានសាលាបង្រៀន។ #សភាពាណិជ្ជកម្មកម្ពុជា #គ្រួសារវីរ:ប៊ុនថាំ”។
គួររំឭកថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង បានចេញសេចក្តីសម្រេចតែងតាំង អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា សម្រាប់អាណត្តិទី៥ ក្រោយទទួលបាននូវការតែងតាំងដ៏មានកិត្តិយសនេះ អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ក៏បានបង្ហោះសារថ្លែងអំណរគុណលើទំព័រហ្វេសប៊ុកផ្លូវការបែបនេះថា៖ “ខ្ញុំបាទសូមអរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានផ្តល់ការទុកចិត្តដល់រូបខ្ញុំបាទ”។
សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea និងសណ្ឋាគារ រីសតជាង ១០កន្លែង ព្រមទាំងកំពុងមានគម្រោងថ្មីៗបន្ថែមទៀតដូចជា ការនាំយកនូវរថយន្តត្រជាក់រាប់រយគ្រឿងសម្រាប់ដឹកបន្លែផ្លែឈើទៅកាន់ប្រទេសចិន ការបង្កើតរោងចក្រជីកសិកម្ម និងការបង្កើតស្ថានីយសាករថយន្តអគ្គីសនីទាំង ២៥រាជធានី ខេត្តផងដែរ៕



