អ្នកឧកញ៉ា គិត ម៉េង ដឹកនាំសមាជិកសមាជិកាជាន់ខ្ពស់ ចូលរួម «ជំនួបអាហារពេលព្រឹកពិភាក្សាការងាររវាងផ្នែករដ្ឋ និងផ្នែកឯកជន លើកទី៣»

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជន (G-PSF) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ានរបស់កម្ពុជា បានដឹកនាំសមាជិកសមាជិកាជាន់ខ្ពស់អញ្ជើញចូលរួម និងថ្លែងមតិស្វាគមន៍ក្នុង «ជំនួបអាហារពេលព្រឹកពិភាក្សាការងាររវាងផ្នែករដ្ឋ និងផ្នែកឯកជន លើកទី៣» ក្រោមប្រធានបទ «ការពិនិត្យលើការពង្រឹងគ្រឹះខ្សែច្រវាក់ផ្គត់ផ្គង់៖ ការផ្ដល់ថាមពលដល់ការផ្លាស់ប្ដូររូបរាងឧស្សាហកម្មកម្ពុជា» នៅសណ្ឋាគារ រ៉ាហ្វល លឺ រ៉ូយ៉ាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះរៀបចំដោយសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា (CCCCA) និងសហការសម្របសម្រួលពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាពិសេស ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងវត្តមាន លោក Lin Shiqiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា, តំណាងស្ថានទូតចិន ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មអន្តរជា តំណាងប្រធានសភាពាណិជ្ជកម្មអន្តរជាតិនានា (AmCham, EuroCham, JBAC, KoCham) និងតំណាងសមាគម ក្រុមហ៊ុនជាតិ-អន្តរជាតិ ឯកជន ជាច្រើនផងដែរ។ 

បើតាមសភាពាណិជ្ជកម្មកម្ពុជា ចំណុចសំខាន់ៗនៃប្រសាសន៍របស់អ្នកឧកញ៉ា ថ្លែងក្នុងកិច្ចពិភាក្សានេះរួមមាន៖ 

១. ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់៖ ការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់រឹងមាំ គឺជាសសរទ្រទ្រង់ជួយរញ៉ោចការធ្វើបរិវត្តកម្មឧស្សាហកម្មកម្ពុជា ទៅជាការផលិតដែលមានតម្លៃបន្ថែមខ្ពស់។ ២. CCC ជាស្ពានចម្លងតែមួយគត់៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) គឺជាច្រកចេញចូលតែមួយក្នុងការនាំយកនូវរាល់បញ្ហាប្រឈមរបស់សភាពាណិជ្ជកម្មអន្តរជាតិ ចូលទៅក្នុងយន្តការផ្លូវការនៃ G-PSF។ ៣. ការអំពាវនាវ៖ អញ្ជើញវិនិយោគិនអន្តរជាតិចូលរួមក្នុង «ក្រុមការងារផ្នែកឯកជនទាំង ១៦» ដើម្បីរៀបចំអនុសាសន៍រួមសម្រាប់ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០» ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់នូវមតិបូកសរុបយ៉ាងស៊ីជម្រៅ ដោយបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន រួមមានជាអាទិ៍៖ (១)ការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការផ្សព្វផ្សាយពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប, (២)ការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន, និង (៣)ការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមានតម្លៃបន្ថែមខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានបន្តអំពាវនាវឱ្យមានការបើកទូលាយ និងពង្រឹងយន្តការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀត រវាងផ្នែករដ្ឋ និងផ្នែកឯកជន សំដៅរួមគ្នាកសាងនូវសមិទ្ធផល និងរឿងរ៉ាវជោគជ័យថ្មីៗបន្ថែមទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។