ចៅស្រីរបស់ ឧកញ៉ាបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ, ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាផ្លូវការ ដោយទទួលបាននិទ្ទេស “B” បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផល នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ឯកឧត្តម លី សុវណ្ណ និងលោកជំទាវ ម៉ិញ សុធា នៅព្រឹកថ្ងៃពុធនេះ បាននាំកូនស្រីទៅចាំអ៊ុតមើលលទ្ធផលនៅមណ្ឌលប្រឡង។ ក្រោយដឹងលទ្ធផលនេះ ឯកឧត្តម លី សុវណ្ណ កូនប្រុសរបស់ឧកញ៉ាបណ្ឌិត លី ឆេង បានបង្ហោះសារអបអរដល់កូនស្រីបែបនេះថា៖ “សូមអបអរសាទរកូនស្រី ទទួលបាននិទ្ទេស B ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦។ ទោះបីជាពុំសមដូចបំណងប្រាថ្នារបស់កូន ប៉ុន្តែកូនបានប្រឹងប្រែងអស់ពីសមត្ថភាពរួចហើយ។ សូមកូនស្រីខិតខំបន្តទៀត”។
គួររំឭកថា កូនស្រីច្បងរបស់ ឯកឧត្តម លី សុវណ្ណ និងលោកជំទាវ ម៉ិញ សុធា បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមជម្រាបថា បើតាមក្រសួងអប់រំ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ សិស្សជាប់ និទ្ទេស A មានចំនួន ២ ០២២នាក់, និទ្ទេស B ចំនួន ៨ ៨៤៨នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩នាក់ និង និទ្ទេស E ចំនួន ៤៦ ៨១៤នាក់៕




