សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង។

សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ព្រំដែនមណ្ឌលការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ត្រូវកំណត់តាមព្រំដែននៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការិយាល័យនេះ មានសមាជិកជ្រើសតាំងចំនួន ១៥រូប ដែលជ្រើសតាំង តាមការបោះឆ្នោត។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស មិនប្រើប្រាស់ថវិកាជាតិឡើយ។
សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងស្របតាមច្បាប់ស្ដីពី «សភាពាណិជ្ជកម្ម» កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥។ ស្ថាប័ននេះគឺជាគ្រឹះស្ថានសាធារណៈមួយស្ថិតក្រោមអាណាព្យាបាលនៃក្រសួងពាណិជ្ជកម្ម ដែលមានភារកិច្ចធ្វើសកម្មភាពដើម្បីផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
ភារកិច្ចចម្បងរបស់សភាពាណិជ្ជកម្មកម្ពុជា រួមមានការធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេស ដើម្បីស្រង់យកព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសជាតិ ការបង្កើនប្រសិទ្ធភាពសហគ្រាស ការផ្ដល់យោបល់ និងព័ត៌មានដល់រាជរដ្ឋាភិបាល និងអាជ្ញាធររាជធានី-ខេត្ត ការដើរតួជាអ្នកតំណាងសហគមន៍ធុរកិច្ចដើម្បីសម្របសម្រួលជាមួយរដ្ឋអំណាច ព្រមទាំងធានាការគ្រប់គ្រងសេវា និងដោះស្រាយវិវាទពាណិជ្ជកម្មជាអាជ្ញាកណ្ដាល។
បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជាមានបណ្ដាញពង្រីកខ្លួនលើសពីព្រំដែនជាតិ ដោយមានការិយាល័យតំណាងចំនួន ៨ នៅទូទាំងពិភពលោក រួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់។ ការិយាល័យតំណាងទាំងនេះមានបេសកកម្មចម្បងក្នុងការដើរតួជាច្រកទ្វារយុទ្ធសាស្ត្រ ដើម្បីធានាថា ម៉ាកសញ្ញា “ផលិតនៅកម្ពុជា” នឹងក្លាយជាសញ្ញាសម្គាល់នៃគុណភាព និងភាពជឿជាក់នៅក្នុងទីផ្សារអន្តរជាតិ។



