ឧកញ៉ា ចាន់ សុឃាំង ចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារ “ផ្នែកស្រូវ អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឈ” “ផ្នែកស្រូវ អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំសហប្រធានទាំងពីរគឺ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” តំណាងផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាលដែលជាសមាជិក​នៃក្រុម​ការងារ “ឈ”, អនុសហប្រធានក្រុមការងារ “ឈ” តំណាងផ្នែកឯកជន​, សភាពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា, ក្រុមការងារជំនាញ របស់ CAPRED, និង តំណាងសមាគមក្នុងស្រុកនៃ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រសួង-ស្ថាប័ន ដែលជាសមាជិកនៃក្រុមការងារ “ឈ” ផ្នែករដ្ឋាភិបាល និងអ្នកពាក់ព័ន្ធក្នុងវិស័យ​នេះជាច្រើនទៀត។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើ​បញ្ហាប្រឈម ដែលជាកង្វល់ របស់ផ្នែកឯកជក្នុងវិស័យស្រូវ អង្ករ នៅកម្ពុជា។ កិច្ចប្រជុំបានដំណើរការ​ពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម របស់ ផ្នែកឯកជន ចំនួន ៩បញ្ហា ដែលរួមមាន៖

១. តម្លៃអគ្គិសនីបម្រើឱ្យការបូមទឹកចូលស្រែ និងការប្រើប្រាស់ក្នុងរោងម៉ាស៊ីនកិនស្រូវ

២. បញ្ហាក្នុងការដឹកជញ្ជូន និងអសង្គតភាពនៃលទ្ធផលជញ្ជីងថ្លឹងរថយន្តផ្ទុកទម្ងន់ដឹក សម្រាប់វិស័យស្រូវអង្ករ

៣. បញ្ហាតម្រូវការហិរញ្ញប្បទានបន្ថែមសម្រាប់វិស័យស្រូវអង្ករ

៤. បញ្ហានៅកំពង់ផែ៖ ការខ្វះចន្លោះ និងការគិតកម្រៃរើកុងតឺន័រមិនចាំបាច់

៥. បញ្ហាបន្តសុពលភាពក្នុងការចុះបញ្ជីនាំចេញទៅប្រទេសចិន

៦. ពន្ធគយលើការនាំចូលចំណីសត្វដែលផលិតសម្រេចហើយ

៧. ការលើកលែងពន្ធលើគ្រឿងចក្របម្រើឱ្យកសិកម្មទំនើប

៨. ការកំណត់ទីតាំងផលិតកម្មស្រូវក្នុងបរិបទ El Nino

៩. ភាពស្មុគស្មាញ និងបន្ទុកចំណាយលើរបាយការណ៍គណនេយ្យសម្រាប់វិស័យកសិកម្ម

ជាលទ្ធផល កិច្ចប្រជុំសម្រេចបានដំណោះស្រាយប្រកបដោយផ្លែផ្កា និងជាទីមោទនៈ។ សូមជម្រាបថា ក្រុមការងារ «ឈ» ហៅថា «ផ្នែកស្រូវ អង្ករ» គឺជាផ្នែកមួយនៃ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានភារកិច្ចពិគ្រោះ​យោបល់ និងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងវិស័យស្រូវ-អង្ករនៅកម្ពុជា៕