រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំដោយសហប្រធានទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ក” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាលដែលជាសមាជិកនៃក្រុមការងារ “ក”, អនុសហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន, តំណាងគ្រឹះស្ថានសមាគមក្នុងវិស័យកសិកម្ម, តំណាងសហគមន៍កសិកម្មទំនើប, តំណាងសភាពាណិជ្ជកម្មអន្តរជាតិចប្រចាំកម្ពុជា និងក្រុមហ៊ុនឯកជនអន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះជាច្រើនទៀតផងដែរ។
បើតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនជាវិនិយោគិននៅក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជន ចំនួន ៩បញ្ហា ដែលរួមមាន៖
១. បញ្ហាថាមពលសម្រាប់វិស័យកសិកម្ម (ប្រេងម៉ាស៊ូត និងអគ្គិសនី) និងការកើនឡើងថ្លៃដើម, ២. សំណើរសុំបន្តសុពលភាពការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្ម, ៣. ការពឹងផ្អែកលើការនាំចូល ការឡើងថ្លៃ និងបញ្ហាគុណភាពជី-ថ្នាំកសិកម្ម, ៤. ថ្លៃដើមផលិតខ្ពស់ និងការប្រកួតប្រជែងមិនស្មើភាពក្នុងវិស័យវារីវប្បកម្ម, ៥. ការចិញ្ចឹមសត្វ និងការគ្រប់គ្រងការនាំចេញ-នាំចូល, ៦. កង្វះខាតពូជ ហេដ្ឋារចនាសម្ព័ន្ធស្តុក ឡសម្ងួត និងការកែច្នៃកសិផល, ៧. ការប្រើប្រាស់ និងការគ្រប់គ្រងប្រព័ន្ធទឹកស្រោចស្រពកសិកម្ម, ៨. ថ្លៃដើមដឹកជញ្ជូន ភស្តុភារកម្ម របាំងភូតគាមអនាម័យ (SPS) និងនីតិវិធីនាំចេញ-នាំចូល, ៩. បញ្ហាយុទ្ធសាស្ត្រ និងគោលនយោបាយកសិកម្មអាទិភាព។
ជាលទ្ធផល បញ្ហាស្នើឡើងដោយផ្នែកឯកជន ត្រូវបានក្រសួង និងស្ថាប័នពាក់ព័ន្ធបានឆ្លើយតប និងពិនិត្យ កែលម្អ លើបញ្ហាមួយចំនួន និងជាពិសេស គឺក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើសំណូមពរ ជូនដល់វិស័យឯកជន លើចំណុចសំខាន់ៗគួយកចិត្តទុកដាក់ បញ្ហាជីកសិកម្ម និងផលិតកម្មទឹកដោះគោស្រស់។ រាល់បញ្ហាដែលបានលើកឡើង ទាំងវិស័យឯកជន និងក្រសួង គឺបានពិភាក្សាបញ្ហាទាំងនោះ គឹទទួលបាន លទ្ធផលជាវិជ្ជមានដែលផ្នែកឯកជនអាចទទួលយកបាន ដោយឡែកក៏មានបញ្ហាមួយចំនួនផ្សេងទៀតគឺត្រូវបន្តពិនិត្យ និងដោះស្រាយ៕










