អ្នកឧកញ៉ា គិត ម៉េង ជម្រាបជូនធុរជនបារាំង ពីចំណុចសំខាន់ៗចំនួន៤ ដែលគួរពិចារណាបណ្តាក់ទុន​វិនិយោគនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមវេទិកាធុរកិច្ច​បារាំង-កម្ពុជា និងថ្លែងសុន្ទរកថាបិទកម្មវិធីថ្ងៃទីមួយនៃវេទិកានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសភាពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសនោះ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា បានឈានចូលដល់​ដំណាក់​កាល​អនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។ អ្នកឧកញ៉ា ក៏បានជម្រាបជូនធុរជនបារាំង​អំពីសូចនាករ​សំខាន់ៗ ដែលវិនិយោគិនគួរពិចារណាបណ្តាក់ទុនវិនិយោគនៅកម្ពុជា រួមមាន៖

១.ភាពធន់នៃការនាំចេញ៖ កម្ពុជារក្សាបាននូវកំណើនការនាំចេញយ៉ាងរឹងមាំក្នុងអត្រា ២០% បើទោះបីជា​មានការរំខានដល់ពាណិជ្ជកម្មសកលក៏ដោយ។

២.ភាពប្រកួតប្រជែងផ្នែកកម្លាំងពលកម្ម៖ ថ្លៃដើមកម្លាំងពលកម្មនៅកម្ពុជានៅតែមានកម្រិតទាប និងអំណោយ​ផលជាងប្រទេសជិតខាងក្នុងតំបន់។

៣.ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល៖ ប្រព័ន្ធទូទាត់បាគង (Bakong) បានដំណើរការទំហំប្រតិបត្តិការ​សរុបស្មើនឹង ៤,៥ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។

៤.ប្រសិទ្ធភាពសារពើពន្ធ៖ មានការកើនឡើងរហូតដល់ ៦ដង ក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ ដោយពុំ​ចាំបាច់​បង្កើតពន្ធថ្មីឡើយ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានចែករំលែកបទពិសោធន៍ជោគជ័យនៃការបង្កើត និងអភិវឌ្ឍក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយបណ្តាក្រុមហ៊ុនដៃគូ ជាពិសេសក្រុមហ៊ុនបារាំង ដើម្បីជាសក្ខីភាព និងជំរុញទឹកចិត្តធុរជនបារាំងឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែឆាប់រហ័ស អ្នកឧកញ៉ា បានលើកទឹកចិត្ត ឱ្យសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ រួមគ្នាស្នើទៅកាន់រដ្ឋាភិបាល ដើម្បីបង្កើតឱ្យមាន​ជើង​ហោះហើរ​ត្រង់រវាងកម្ពុជា និងបារាំង។

ជាមួយគ្នានេះ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងផ្គូផ្គងសហគ្រាសបារាំងដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាមួយនឹងដៃគូក្នុងស្រុក លើវិស័យអាទិភាព​សំខាន់ៗ រួមមាន៖ កសិកម្ម និងកសិ-ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម៕