មុនក្លាយជាម្ចាស់អាជីវកម្មប្រាក់លាន ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រាប់​ទម្លាប់​តាំង​ការចាប់​មុខជំនួញ រហូត​ដល់​ការ​ទទួល​ទានអាហារ

ជុំវិញ​ឧកញ៉ា


ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ដែលលោកអ្នកបានស្គាល់មកហើយថា ជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យយ៉ាងមានសក្ដានុពលម្នាក់ និងជា​ម្ចាស់​ក្រុមហ៊ុន KW Cambodia។ មុនជោគជ័យ​លើ​វិស័យអចលនទ្រព្យរហូតមកដល់ពេលនេះ តើលោកមានទម្លាប់អ្វីខ្លះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធី ទិវាភាពជាអ្នកមានឆ្នាំ២០២២ ដែល​រៀបចំកាលពីព្រឹកមិញនេះ ក្រោមប្រធានបទ ទម្លាប់អ្នកមាន តើអ្នកមានទម្លាប់បែបណា លោកឧកញ៉ា​បណ្ឌិតបានទម្លាយទម្លាប់របស់លោក ៥ ចំណុចដែលយោងចាប់លោកមក​ឈរ​នៅ​ក្នុងចំណុចមួយ​ក្នុងពេលសព្វថ្ងៃនេះ។

១. ទម្លាប់កាលរៀន

រឿងទីមួយនោះ គឺការខិតខំរៀនសូត្រ លេងឱ្យអស់ចិត្ត ព្រោះនៅវ័យ២០ឆ្នាំចុះក្រោមជាវ័យដែលយើងជាមនុស្ស ហេតុនេះត្រូវសាកអ្វី សាកឱ្យហើយ។ លោកបណ្ឌិតបានលើកឡើងថា កាលលោកនៅរៀនកម្រិតមធ្យមលោកចំណាយពេល​រៀន ដោយមានការតាំងចិត្តមាំដោយមិនលួចចម្លងមិត្តពេលប្រឡង ឬ បើកសៀវភៅមើលពេលប្រឡង ឡើយ។ ចំណាត់ថ្នាក់ពិត សមត្ថភាពពិត ចំណេះពិត ទើបធ្វើឱ្យលោកមានភាពជឿជាក់លើខ្លួនឯងមកទល់សព្វថ្ងៃនេះ។

ក្រោយពីបញ្ចប់ថ្នាក់ទុតិយភូមិ ចូលរៀននៅមហាវិទ្យាល័យ លោកបណ្ឌិតគឺសម្រុករៀនដោយមិនរវើរវាយរឿងស្នេហាឡើយ។ រៀន រក ជាអ្វីដែលលោកចាប់ផ្ដើមអនុវត្តនៅក្នុងជីវិតជានិស្សិត។

លោកក៏បានរំលេចផងដែរ ពេលលោករៀននៅឆ្នាំទី ៣ លោកអាចមានសមត្ថភាពទិញផ្ទះពីរជាន់នៅកម្ពុជាក្រោមបានទៅហើយ។

២/ ទម្លាប់ក្នុងការ​ធ្វើ​អាជីវកម្ម

ចំពោះទម្លាប់ដែលលោកអនុវត្តក្នុងអាជីវកម្មសព្វថ្ងៃនេះគឺលោកប្រកាន់យកភាពត្រឹមត្រូវជាត្រីមុខ ច្បាស់លាស់រឿងលុយ នោះយើងនឹងជោគកជ័យក្នុងការងារដែលយើងកំពុងធ្វើ។ វិស័យអចលនទ្រព្យនេះសំខាន់ណាស់គឺទាមទារឱ្យយើងមានភាពស្មោះត្រង់ចំពោះ អតិថិជនជាកត្តាចម្បង។

៣/ ទម្លាប់រកស៊ី​ចូលហ៊ុនគ្នា

ក្នុងវិស័យអចលនទ្រព្យនេះដដែល ចំពោះការរកស៊ីចូលហ៊ុនគ្នានោះគឺលោកប្រកាន់ខ្ជាប់មួយចំណុចគឺលោកពួតដៃគ្នាតែជាមួយអ្នកដែលមានចំណុចគ្មានតែលោកមាន និងចំណុចដែលលោកគ្មានចំណែកដៃគូរម្ខាងទៀតមាន

ចំណុចនេះលោកបានគូសបញ្ជាក់ថា ការចេះជួយគ្នាចំពោះចំណុចខ្វះខាតទៅវិញទៅមកធ្វើឱ្យយើងមានទំនាក់ទំនងល្អនឹងគ្នា។ ម៉្យាងភាពស្មោះត្រង់ក៏ជាចំណុចដែលត្រូវប្រកាន់ភ្ជាប់ជានិច្ចផងដែរ។

ជាមួយគ្នានេះលោកក៏បានបង្ហើបថា បច្ចុប្បន្ននេះលោកបានសហការវិនិយោគតែជាមួយ អាមេរិកនិងតៃវ៉ាន់ប៉ុណ្ណោះ។

៤/ ទម្លាប់ក្នុងគ្រួសារ

បន្ទាប់ពីទម្លាប់ខាងលើ នៅក្នុងគ្រួសារលោកបណ្ឌិតក៏រក្សារបាននៅទំនាក់ទំនងល្អចំពោះគ្រួសារផងដែរ។ គ្រួសារជាកម្លាំងស្នូលមួយយ៉ាងសំខាន់ណាស់ ប្រសិនបើក្នុងគ្រួសាររបស់យើង យើងមិនអាចមានទំនាក់ទំនងល្អផង តើយើងអាចមានទំនាក់ទំនងល្អជាមួយនរណា? ក្នុងចំណងអាពាហ៍ពិពាហ៍ ១៧ឆ្នាំ លោកបណ្ឌិត បានផ្ដល់នៅសិទ្ធសេរីភាពឱ្យគ្នាទៅវិញទៅមក ការមិនដើរដាច់យប់ មិនផឹកស្រវឹងចូលផ្ទះវិញ ល្បែងស៊ីសងគ្រប់ប្រភេទមិនប៉ះ កុំមានស្រីក្រៅ ស្មោះត្រង់ជាមួយប្រពន្ធ កូន ទាំងនេះជារឿងដែលធ្វើឱ្យយើងជោគជ័យរួចទៅហើយ។

៥/ សម្រាប់​អាហារ

ទម្លាប់មួយទៀតនោះគឺទម្លាប់ក្នុងការបរិភោគ លោកបណ្ឌិតបានផ្ដល់នៅស្លោកមួយឃ្លាថា ស៊ីឆ្ញាញ់ ដេកស្រួល សប្បាយចិត្ត។

ជាចុងក្រោយលោកបណ្ឌិតបានផ្ដាំផ្ញើផងដែរដល់បងប្អូនទាំងអស់ថា ប្រសិនបើចង់ជោគជ័យលើអ្វីមួយ ប្រសិនបើចង់ក្លាយជាអ្នកមានពិតប្រាកដនោះ គួរណាត្រូវតែឈ្នះលើភាពខ្ជិលច្រអូលរបស់ខ្លួនឯងឱ្យបាន ចំណុចទី២គឺត្រូវតែជម្នះលើភាពល្ងង់ខ្លៅក្នុងន័យនេះគឺយើងត្រូវសិក្សារៀនសូត្រគ្រប់ពេលវេលា គ្មានទីបញ្ចប់៕