ឧកញ៉ា គីម ហ៊ាង៖ KW Cambodia League 2022 រដូវកាលទី១០ ពិតជាតឹងតែងណាស់

ជុំវិញ​ឧកញ៉ា

ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KW Cambodia League 2022 រដូវកាលទី១០ ពិតជាតឹងតែង​ណាស់ ដោយមានក្រុមចូលរួមប្រកួត ១៨ក្រុម និងមាន​កីឡាករ​​ចូល​រួម​ប្រកួត​សរុប​ជាង ៥០០នាក់ ពិសេសមានកីឡាករបរទេសចំរុះជាតិសាសន៌ជិត ២០០នាក់ចូលរួមប្រកួត ១១សប្តាហ៌។ នេះ​បើ​តាម​​ការ​ឱ្យ​ដឹង​ពី ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ស្ថាបនិក​ពាន KW Cambodia League។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាន​រង្វាន់​ KW Cambodia League 2022 រដូវកាលទី១០ ​​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​ជា​ផ្លូវការ​ ​​ចាប់ពី​​ថ្ងៃ​ទី​ ៣០ ខែ​កក្កដា ឆ្នាំ​២០២២ ត​ទៅ ​ដែល​ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ពូល​ គឺ​ពូល​ A ​​មាន​ ៩​ក្រុម និង​ពូល B ​​មាន​៩​ក្រុម។ សម្រាប់​ឆ្នាំ​២០២២​នេះ ក្រុម​ដែល​ឈ្នះ​ពាន KW Cambodia League 2022 ​​នឹង​ទទួល​បាន​​ប្រាក់​រង្វាន់​ប្រមាណ ១​ម៉ឺន​ដុល្លារ រួម​ជាមួយ​នឹង​មេដាយ​មាស និង​ពាន​រង្វាន់។

ពាន​រង្វាន់​ខាងលើនេះ​​​ ជា​ពានរង្វាន់​ឯកជន​ចាស់​វស្សា​ជាងគេ និង​ធំ​ជាង​គេ។ ក្រុម​ដែល​ចូល​លេង​​ក្នុង​ពាន​នេះ គឺ​កីឡាករ​ចាប់​ពី​ពាក់​កណ្តាល​អាជីព​ឡើង​ទៅ ​និង​លក្ខខណ្ឌ​បើក​ចំហរ​ ទោះ​ក្រុម​លេង​នៅ​ Cambodia League 2 ឬ​កីឡាករ​បរទេស​ក៏​អាច​ចូល​រួម​បាន​ ​​លើក​លែង​​​តែ​ក្រុម​លេង​​នៅ​លីគ​កំពូល​កម្ពុជា។

សូម​បញ្ជាក់​​​ថា ពាន​រង្វាន់​ KW Cambodia League ​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១២ ​​ដោយ​ប្រើ​ពាក្យ​ថា​ Khmer Real Estate League ​​ដែល​ពេល​នោះ​មាន​ត្រឹម ១២​ក្រុម​ចូល​រួម។ ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ ​​នៅ​តែ​ប្រើ​ឈ្មោះ​ថា Khmer Real Estate League ដែល​ជា​ក្រុមហ៊ុន​របស់​ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ​ដដែល។ រីឯ​ចាប់​ពី​ឆ្នាំ​២០១៩​មក ​​​លីគ​មួយ​នេះ ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ KW Cambodia League ​​រហូត​មក​ដល់​បច្ចុប្បន្ន​ លើក​លែង​ឆ្នាំ​២០២១ ​​ដែល​​ពុំ​បាន​រៀប​ចំ​ការ​ប្រកួត ដោយសារ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩៕