ឧកញ៉ាកូនកាត់ចិនម្នាក់ កំពុងវិនិយោគគម្រោង Long Bay លើផ្ទៃដី ២លានម៉ែត្រការ៉េនៅកោះកុង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Zheng Heng Group បច្ចុប្បន្នកំពុងដំណើរការវិនិយោគគម្រោងរមណីយដ្ឋានលំហែកាយខ្នាតធំ Long Bay ដែលគ្របដណ្ដប់លើផ្ទៃដីសាងសង់ដល់ទៅ ២លានម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៧ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Long Bay-Dara Sakor គឺជាគម្រោងរមណីយដ្ឋានទេសចរណ៍វប្បធម៍ដំបូងគេនៅប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំងលំនៅដ្ឋាន អគារការិយាល័យ ពាណិជ្ជកម្ម កាស៊ីណូ វីឡា និងការបង្កើតវប្បធម៌និងទេសចរណ៍ជាដើម។

គម្រោងដ៏ធំប្រចាំខេត្តកោះកុងមួយនេះ វិនិយោគដោយឧកញ៉ា តឹង ភីពីង (Deng Pibing) ដែលស្គាល់ថាជាជនជាតិខ្មែរ មានខ្សែស្រឡាយកាត់ចិន កើតក្នុងឆ្នាំ ១៩៨០ នៅខេត្តហ៊ូណាន ប្រទេសចិន។ លោកបានមកប្រទេសកម្ពុជាក្នុងឆ្នាំ២០០៣ ហើយបានចាប់ផ្តើមធ្វើការលើវិស័យវិស្វកម្មព័ត៌មានអ៊ិនធឺណិត។ លោកជាម្ចាស់ក្រុមហ៊ុន Zhengheng Group ដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនគ្រាក់ៗក្នុងពហុឧស្សាហកម្មទាំងនៅប្រទេសកម្ពុជា និងបណ្តាលប្រទេសលើពិភពលោក។

ឧកញ៉ា តឹង ពីពីង ធ្លាប់បានលើកឡើងថា ទៅថ្ងៃអនាគតវិញ គម្រោង Long Bay ក៏មានជាក្រុមសណ្ឋាគារដ៏ប្រណីតបំផុតមួយ ហើយក៏នឹងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់លំហែកាយ វិស្សមកាល ថែរក្សាសុខភាព និងកម្សាន្ត បែបគ្រប់ជ្រុងជ្រោយជាដើម។

លោកបន្តថា គម្រោងនេះទៀតសោត ក៏នឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍ក្នុងខេត្តកោះកុង និងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានបង្ហាញការគាំទ្រចំពោះការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនយ៉ាងពេញទំហឹង។ លោកស្រីអះអាងថា នេះជាការសមិទ្ធិផលនៃការវិនិយោគធនធានទេសចរណ៍ដ៏ធំ ដែលបាននឹងកំពុងចូលរួមបង្កើតការងារក្នុងស្រុកជាច្រើនកន្លែង ពិសេសគឺជួយកែប្រែមុខមាត់ខេត្តកោះកុងបានមួយកម្រិតធំ។

សូមជម្រាបជូនថា គម្រោង Long Bay មានទីតាំងស្ថិតក្នុងតំបន់តារាសាគរ ដែលជាតំបន់វិស្សមកាលខ្នាតយក្សតម្លៃរាបពាន់លានដុល្លាររបស់ក្រុមហ៊ុនចិន UDG។ យ៉ាងណាក៏ដោយគម្រោងនេះ ក៏កំពុងនៅតែជាប្រធានបទក្ដៅគគុកមួយដែលតែងតែទទួលបានការរិះគន់ជាច្រើនពីអ្នកវិភាគអន្តរជាតិថា សាងសង់ឡើងសម្រាប់បម្រើវិស័យយោធាចិន។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា ធ្លាប់បានច្រានចោលម្ដងហើយម្ដងទៀតលើការលើកឡើងនេះ ហើយអះអាងថា គម្រោងនេះកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ៕