ឧកញ៉ា យឹម តាស្រង់៖ បើយើងមិនខ្លាំង កុំសង្ឃឹមថាមានអ្នកជួយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 ​​យល់​ថា សម័យ​បច្ចុប្បន្ន​​នេះ​ ជា​សម័យ​​ដែល​គ្រប់កិច្ចការ​​​ទាំង​អស់​ គឺ​ប្រកួត​ប្រជែង​ដោយ​សមត្ថភាព ​​​​ហើយ​បើ​យើង​មិន​ខ្លាំង កុំ​សង្ឃឹម​ថា​មាន​​អ្នក​ជួយជ្រោមជ្រែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ​​បាន​លើក​ឡើង​តាម​រយៈបណ្តាញ​សង្គម​ កាល​ពី​​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា៖ “‘បើយើងមិនខ្លាំង កុំសង្ឃឹម​ថាមានអ្នកជួយ។ កុំទុកភាពជោគជ័យ លុយកាក់របស់មនុស្សមួយចំនួន​ថាសុទ្ធតែកើតឡើងព្រោះ​តែសំណាង។ សម័យនេះ ជាសម័យដែលគ្រប់កិច្ចការប្រកួតប្រជែងដោយសមត្ថភាព។ មនុស្សខ្លះសូម្បីតែទាយ​ក៏អ្នកគ្មានឱកាសទាយត្រូវថាគេកំពុងធ្វើអ្វីខ្លះ?”។

អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra ​បាន​បន្ថែម​ថា មុននឹងទាស់ចិត្តឱ្យទៅអន់ចិត្ត​ ចំពោះគេ ដែលមិនជួយអ្នក សូមអ្នកសំឡឹងមើលខ្លួនឯងជាមុនសិន ថាតើអ្នកមានសមត្ថភាពអ្វី អាចឱ្យគេជួយ​ជ្រោមជ្រែងបាន? ធាតុពិតនៃសុភមង្គលចំពោះមិត្តភាពបច្ចុប្បន្ននេះគឺ “រស់ រាប់ ចេះផ្តល់ប្រយោជន៍​ឱ្យគ្នាទៅវិញ​ទៅមក” ទើបរស់ រាប់គ្នាបានយូរអង្វែង ហើយនាំគ្នារីកចម្រើនបាន។

សូម​ជម្រាប​ថា លោក យឹម តាស្រង់ ទទួលបាន​ដំណែង​ថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូល​ផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពីចុងខែឧសភា ឆ្នាំ២០២២ បន្ទាប់ពី​សម្រេចចាកចេញពី​ផលិតកម្ម Galaxy Navatra ជាផ្លូវការ ក្រោយ​រួមរស់ក្នុងទ្រនំមួយនេះ ជាង៣ឆ្នាំកន្លងទៅ។ បន្ទាប់មកទៀត លោកក៏ទើបប្រកាសលក់ដីគម្រោងដំបូង​របស់លោក ចំនួនបីទៅបួនកន្លែងផងដែរ។ លោក យឹម តាស្រង់ ត្រូវបាន​​ព្រះមហាក្សត្រ​ ទ្រង់ត្រាស់បង្គាប់​ផ្តល់​គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕