ឧកញ៉ា ប៉ិច បូឡែន នាំយកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្ពោធដាក់ទីតាំងនៅខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្ពោធដាក់ទីតាំងសាខានឋោខេត្តព្រះសីហនុមួយបន្ថែមទៀត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា ការបង្កើតសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ ក្នុងគោលបំណង ធ្វើឡើងស្របតាមទិសដៅយុទ្ធសាស្ត្រសមាគមដែលចង់ឃើញធុរកិច្ចកម្ពុជាមានការរីកចម្រើន និងដើរទាន់បរិបទឧស្សាហកម្ម ៤.០ អាចប្រកួតប្រជែងជាមួយធុរកិច្ចថ្នាក់តំបន់ សាកល ចងក្រងបណ្ដាញសហគ្រិនផ្ដល់អំណាចដល់សហគ្រិនវ័យក្មេង ពិសេសសហគ្រិនស្ត្រី ដើម្បីលើកកម្ពស់សហគ្រិនថ្នាក់ក្រោមជាតិ និងយុវជន តាមរយៈការបង្កើតវេទិកាចងក្រង និងពង្រឹងបណ្ដាញសហគ្រិន ការចែករំលែកការរៀន សូត្រពីធុរៈកិច្ច បង្កើតអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការ អភិវឌ្ឍន៍សេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយជាគ្រឹះសម្រាប់សេដ្ឋកិច្ចកម្ពុជានាពេលបច្ចប្បន្ន។

បើតាមលោកឧកញ៉ា មកដល់បច្ចុប្បន្នសមាគមមានសមាជិកចំនួន ៥១៥នាក់ ដែលសុទ្ធតែជាម្ចាស់អាជីវកម្មលើក្រុមហ៊ុនប្រមាណជាង ៩០០នៅកម្ពុជា។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបើកសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ នៅទឹកដីតំបន់ឆ្នេរ នៃខេត្តព្រះសីហនុ រួមចំណែកអភិវឌ្ឍ និងលើកកម្ពស់វិស័យធុរកិច្ចនៅខេត្តព្រះសីហនុឱ្យបានកាន់តែល្អប្រសើរថែមទៀត។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បង្ហាញក្តីសង្ឃឹមថា សមាគមនឹងចូលរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ផ្តល់ឱកាសកសាងសមត្ថភាព ចងក្រងបណ្តាញអាជីវកម្ម និងពង្រឹងដៃគូរអាជីវកម្មរបស់ខ្លួន តាមរយៈកម្មវិធីនានា។ កិច្ចការនេះសម្រេចបានរលូនលុះត្រាតែមានការសហការគ្នារវាងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល។​ ម្យ៉ាងទៀតវិស័យ​សហគ្រាសធុនតូច និងមធ្យម (MSMEs) ជាសរសៃឈាម​សេដ្ឋកិច្ចប្រទេសកម្ពុជា វត្តមានសមាគមពិតជាមានសារៈសំខាន់ក្នុងការជួយប្រមូលផ្តុំ គាំទ្រសហគ្រាសធុនតូច និងមធ្យមរួមទាំងបង្កើតកម្មវិធីអប់រំ ចែករំលែកដល់យុវជន ពិសេសកម្មវិធីពន្លកសហគ្រិនសុទ្ធតែជាការចូលរួមចំណែកធ្វើឱ្យអាជីវ កម្មរបស់ពួកគេមានការអភិវឌ្ឍរីកចម្រើន ដើម្បីប្រកួតប្រជែងថ្នាក់តំបន់លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថលអាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការបង្កើតថ្មីក្នុងប្រទេស តំបន់ និងសកលលោក​។

សូមជម្រាបថា សមាគម​សហគ្រិន​វ័យក្មេងកម្ពុជា (YEAC) បង្កើតឡើងនៅឆ្នាំ២០០៩ បានពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីជួយដល់សហគ្រិនក្នុងស្រុកតាមរយៈការបើកសាខានៅតាមបណ្តាខេត្តសំខាន់ៗ ជាក់ស្តែងកាលពីពាក់កណ្តាលឆ្នាំនេះ សមាគមបានពង្រីកសាខារបស់ខ្លួនមកដល់ខេត្តព្រះសីហនុ ហើយបានកៀរគរសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលរហូតឈានដល់ការសម្ពោធជាផ្លូវការនារនេះ៕