គម្រោងធំៗ៣ របស់អ្នកឧកញ៉ា លី សេងឃាង ចូលក្នុងភូមិសាស្ត្រ «ក្រុងអរិយក្សត្រ» ក្រោយការបង្កើតក្រុងថ្មី

ជុំវិញ​ឧកញ៉ា

គម្រោងធំៗ៣ របស់​​អ្នក​ឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន BS Land & Home Co., Ltd និងក្រុមហ៊ុន East Land and Home Co., Ltd ​​បាន​ចូល​ក្នុង​ភូមិសាស្ត្រ​ «ក្រុងអរិយក្សត្រ» ដែល​ជា​ក្រុង​​​​ទើប​នឹង​ប្រកាស​បង្កើត​ថ្មីៗ ដោយរាជរដ្ឋាភិបាលកម្ពុជា ខណៈ​ដែល​ពីមុន​គម្រោង​ទាំង​អស់​នេះ ស្ថិត​ក្នុង​​ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន BS Land & Home ​​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ឧកញ៉ា លី សេងឃាង ​​បាន​ប្រារព្ធពិធីក្រុងពាលី បុកគ្រឹះ បើកការដ្ឋានថ្មី ក្នុងគម្រោងបុរីចតុមុខស៊ីធីទី១ ដែលមានទីតាំងក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ​​កាល​ពី​​​ខែ​មេសា ឆ្នាំ២០១៦។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​អ្នក​ឧកញ៉ា លី សេងឃាង ​​មាន​គម្រោង​ធំៗ​​ចំនួន​៣ នៅ​​ឃុំ​ស្វាយជ្រំ ដែល​កាត់​​​ចូល​​​ក្នុង​ក្រុង​អរិយក្សត្រ ក្លាយជា​សង្កាត់​ស្វាយជ្រំ ​​ដែល​មាន​ដូចជា៖

១. គម្រោង ខុនដូ​ប្រណិត Chaktomuk Cityview Condominium​ ​មាន​ចំនួនប្រហែល ៣២៣ យូនីត
២. គម្រោង បុរី ចតុមុខស៊ីធីទី១ (Borey Chaktomuk City l) មានប្រភេទផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល សរុបជាង ១០០០ ផ្ទះ/វីឡា
៣. គម្រោង​ បុរី ចតុមុខស៊ីធីទីពីរ (Borey Chaktomuk City lI) មានផ្ទះល្វែងអាជីវកម្ម វីឡាកូនកាត់ និងវីឡាទោល ប្រហែល ១៧០០ល្វែង/វីឡា

៤. បុរី East Land and Home មានផ្ទះល្វែង​ និងវីឡាកូនកាត់ ប្រហែល ២០០០ ល្វែង ព្រមទាំងដីឡូតិ៍ល្វែង និងដីឡូតិ៍វីឡា ប្រហែល ៥០០០ឡូតិ៍។

នេះបើយើងតាមប្រភពព័ត៌មានផ្លូវការណ៍ ដែលសារព័ត៌មាន Oknha News ទទួលបានពីក្រុមការងារផ្នែកលក់របស់ក្រុមហ៊ុន BS Land & Home ​​អ្នកឧកញ៉ា លី សេងឃាង។

​គួរ​រំឭក​ថា ​​​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​​បាន​ចេញ​អនុក្រឹត្យ​ បង្កើត​ក្រុង​អរិយក្សត្រ នៃ​ខេត្ត​កណ្តាល ដោយ​កាត់​ឃុំ​ចំនួន ០៦ ពី​ស្រុក​ខ្សាច់​កណ្តាល គឺ​ឃុំ​បាក់ដាវ ឃុំ​កោះ​ឧកញ៉ា​តី ឃុំព្រែក​អំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និង​ឃុំ​ស្វាយជ្រំ និង​ឃុំ​ចំនួន ០៥ ពី​ស្រុក​ល្វាឯម គឺ​ឃុំ​អរិយក្សត្រ ឃុំសារិកា​កែវ ឃុំ​ពាម​ឧកញ៉ាអុង ឃុំព្រែកក្មេង និង​ឃុំ​បារុង។ នេះ​មាន​ន័យ​ថា ក្រុងអរិយក្សត្រ មាន​សង្កាត់​សរុប​ចំនួន ១១ ខណៈ​ដែល​ទីតាំង​រដ្ឋបាល ក្រុង​អរិយក្សត្រ គឺ​ស្ថិត​នៅ​ក្នុង​សង្កាត់​អរិយក្សត្រ។

ស្របពេលជាមួយគ្នានេះដែរ ឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន BS Land & Home ជាក្រុមហ៊ុន​វិនិយោគ​ផ្នែកសំណង់ផ្ទះល្វែង វីឡា និងខុនដូ និង​ជា​អនុប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់​គោរមងារ «អ្នកឧកញ៉ា» កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣​នេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣២៕