អ្នកឧកញ៉ា ជា រតនា៖ ការចង់មានចង់បាន ជាអន្ទាក់ជីវិត នាំឱ្យយើងក្លាយជាខ្ញុំបម្រើនៃជីវិត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON Group ​​យល់​ឃើញ​ថា រាល់​បំណង​ប្រាថ្នា ការចង់​មាន​ចង់បាន របស់​មនុស្ស​ម្នាក់ៗ សុទ្ធតែជាអន្ទាក់នៃជីវិត ដែល​នាំ​ឱ្យ​យើង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​នៃ​ជីវិត​ដ៏​ខ្លី​មួយ​នេះ ដូច្នេះ​មនុស្ស​គ្រប់រូប​គួរ​​តែ​​ចេះ​មាន​ចិត្ត​មេត្តា គិត​​ល្អ និង​ធ្វើ​រឿង​ល្អៗឱ្យបានច្រើន ទើបជាការប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បាន​លើក​ឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ថា​ការនឹករលឹក ការគិតគូរគ្នាទៅវិញទៅមក បំណងប្រាថ្នា ការចង់មានចង់បាន សុទ្ធតែជាអន្ទាក់នៃជីវិត ដែលនាំ​ឱ្យ​យើង​ក្លាយទៅជាខ្ញុំបម្រើនៃជីវិតដ៏ខ្លីមួយនេះ ពីព្រោះថាពិភពដើម នៃយើងគ្រប់គ្នា គឺមកតែឯង ហើយទៅវិញតែ​ឯង និងមានភាពស្មើគ្នានៅពេលកើតមកហើយ ក៏ស្មើគ្នានៅពេលដែលត្រឡប់ទៅវិញ។ ដូច្នេះសូមបុគ្គលគ្រប់រូប​មេត្តា គិតល្អធ្វើល្អ និងបានផលល្អ។

សូម​ជម្រាប​ជូន​ថា អ្នកឧកញ៉ា ជា រតនា និង​ភរិយា លី ហៀក រតនា ក្រៅ​ពី​​ប្រកប​មុខ​ជំនួញ​ជា​ម្ចាស់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ នៅ​ក្នុង​រាជធានីភ្នំពេញ ​​អ្នកទាំងពីរ​​​​តែងតែ​​​​មាន​ចិត្ត​មេត្តា ចេះ​ចែក​រំលែក​ជួយ​កិច្ចការងារ​សង្គម​ជា​ច្រើន ដូចជា ជួយ​​​បរិច្ចាគ​រថយន្ត​សង្គ្រោះ​បន្ទាន់​រាប់​សិប​គ្រឿង ជាបន្តបន្ទាប់​ទៅ​ដល់​មណ្ឌល​សុខភាព​ដាច់​ស្រយ៉ាល​តាម​ខេត្ត​​នានា បណ្តា​អង្គភាព​កងទ័ព​មួយ​ចំនួន​ និង​ជួយ​កសាង​ព្រះវិហារ​នៅ​តាម​ទី​វត្ត​អារ៉ាម​ជា​ដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកឧកញ៉ា ជា រតនា ​ទីប្រឹក្សាផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ភរិយា លី ហៀក រតនា ទើប​ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ​​កាល​ពី​ពេល​ថ្មីៗ​នេះ តាមរយៈ​ព្រះរាជក្រឹត្យ​លេខ​ នស/រកត/០១២៣/០០៩ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣៕