អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ លោកពុកបង្កើតគឺបានបង្កើតជីវិតខ្ញុំ លោកពុករួមដ៏ធំ គឺស្ថាបនិកសន្តិភាព

ជុំវិញ​ឧកញ៉ា

នៅក្នុងពេលអមដំណើរប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញបេសកកម្មការទូតផ្លូវការនៅសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ចំនួនពីរថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងពេលធ្វើដំណើរតាមយន្តហោះពិេសសជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសុំការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ដើម្បីសម្តែងការគួរសម និងគោរពគាវកិច្ចប្រតិបត្តិចំពោះសម្តេចប្រមុខរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហេ្វសប៊ុកភ្ជាប់ជាមួយខ្លឹមសារដ៏មានអត្ថន័យបង្ហាញពីបេះដូងយ៉ាងជ្រាលជ្រៅបំផុត ហើយអមដោយរូបភាពសម្តែងនូវការគោរពគាវកិច្ចចំពោះសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៥កុម្ភៈនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានរំលេចគូសបញ្ជាក់ថា «សន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន មានសន្តិភាពមានអ្វីគ្រប់យ៉ាង បាត់បង់សន្តិភាព បាត់បង់គ្រប់យ៉ាង។ (លោកពុកបង្កើតគឺបានបង្កើតជីវិតខ្ញុំ លោកពុករួមដ៏ធំ គឺស្ថាបនិកសន្តិភាព)»។

បើតាមអ្នកឧកញ៉ាវ័យក្មេងដែលទើបតែបញ្ចប់ដំណើរបំពេញទស្សកិច្ចផ្លូវការជាមួយរាជរដ្ឋាភិបាលកម្ពុជានាពលេថ្មីៗនេះ បានអះអាងថា សន្តិភាពបច្ចុប្បន្នគឺបានមកពីការបូជាសាច់ស្រស់ឈាមស្រស់ របស់ឥស្សរជន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ លោកបន្តថា កាលលោកបាទរៀននៅក្នុងសាលា មេរៀនប្រវត្តិវិទ្យា សន្តិភាព មិនសូវមានរយៈពេលវែងឡើយ ក្នុងប្រវត្តិសាស្ត្រខ្មែរ។ ក្នុងសម័យកាលនេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ នៃកម្ពុជាដែលមានសន្តិភាពបរិបូណ៌រយៈពេលវែង។

តាមរយៈសន្តិភាព និងការរីកចម្រើនដ៏ឆាប់រហ័យក្នុងការកសាងមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ននេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងបន្ថែមថា «ខ្ញុំជាវិស័យឯកជនមួយរូបតែងតែយល់ឃើញថា ភាពជោគជ័យ គឺដោយសារសន្តិភាពបូករួមនិងសមត្ថភាព។ ព្រោះបើគ្មានសន្តិភាព ត្រឹមតែរស់ក៏ពិបាកដែរកុំថាឡើយជោគជ័យអាជីវកម្ម ហើយអ្នកវិនិយោគក៏គេមិនហ៊ានមករកស៉ីនោះដែរ។ ឧទាហរណ៍ ប្រកបរបអាជីវកម្មសម័យប៉ុលពត មើល តើអាចជោគជ័យដែរឬទេ? ខ្ញុំ មិនហ៊ានមើលរំលង នៃដំបូលសន្តិភាពឡើយពិតជាសំខាន់ណាស់»។

យ៉ាងណា ជាទស្សនៈរបស់អ្នកឧកញ៉ាផ្ទាល់ មានសុទិដ្ឋិយមគិតថា ជារឿងចាំបាច់ដែលត្រូវតែចូលរួម អ្វីដែលអាចលះបង់បានទាំងអស់គ្នា ដើម្បីការពារសន្តិភាពសម្រាប់ពេលបច្ចុប្បន្ននិងអនាគត។ អ្នកឧកញ៉ាសរសេរបញ្ជាក់បន្ថែមទៀតថា «ការពារសន្តិភាព គឺជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា ក្នុងនាមខ្ញុំយុវជនជំនាន់ក្រោយ នៅក្នុងវិស័យឯកជន សូមធ្វើការចូលរួម និងផ្សារភ្ជាប់ លះបង់ កម្លាំងកាយចិត្ត ដើម្បីរួមចំណែកនៃការការពារសន្តិភាព។ ចំណុច យល់ឃើញរបស់ខ្ញុំខាងលើនេះហើយ ទើបខ្ញុំតែងតែចូលរួមជាមួយសង្គមជាតិ ដោយមិនមានការរុញរា»។

សូមជម្រាបជូនថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ គឺមានរយៈពេល៣៨ឆ្នាំនៃការកាន់ដំណែងនាយករដ្ឋមន្ត្រីកម្ពុជារបស់សម្ដេចតេជោ ហ៊ុន សែន ខណៈដែលសម្ដេចតេជោ ត្រូវបានចាត់ទុកជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេមួយក្នុងពិភពលោក។ ហើយការដែលអាចកាន់តំណែងបានយូរនេះដោយសារតែសម្ដេចជាអ្នកដើរតាមរាជានិយមដ៏ស្មោះត្រង់និងពិតប្រាកដមួយរូប។

ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាដែលធ្លាប់ជាគំនរផេះផង់និងភ្លើងសង្គ្រាមបានក្លាយជាដែនដីមានសន្ដិភាពនិងការអភិវឌ្ឍន៍ ជីវភាពប្រជាពលរដ្ឋបានរីកចំរើនជាលំដាប់ហើយមុខមាត់ប្រទេសជាតិក៏កាន់តែល្បីនៅលើឆាកអន្តរជាតិផងដែរ។ អ្វីទាំងអស់នេះត្រូវបានសម្ដេចតេជោចាត់ទុកថាជាការបានមកដោយលំបាក ហើយសម្ដេចបានប្ដេជ្ញាថានឹងការពារសមិទ្ធផលដែលសម្រេចបាននេះឱ្យស្ថិតស្ថេរសម្រាប់ពលរដ្ឋកម្ពុជាតទៅមុខផងដែរ។

ក្នុងពិធីសម្ពោធស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សុំបញ្ជាក់ជូនឱ្យហើយតម្លៃណាក៏ដោយ ហ៊ុន សែន មិនអាចឱនក្បាលទទួលយកការគាបសង្កត់ណាមួយដែលនាំឱ្យអស្ថិរភាពនិងបាត់សន្ដិភាពរបស់ប្រទេសទេ ហ៊ុន សែន សុំប្រកាសសាជាថ្មីម្ដងទៀតនៅស្រុកកំណើតរបស់ខ្លួនទោះបីអូសបន្លាយនៃការបន្តអាណត្តិរបស់ខ្ញុំប៉ុន្មានឆ្នាំតទៅទៀតស្រេចតែក្បាលចិត្តខ្ញុំ។ ឱ្យតែប្រជាជនបោះឆ្នោតឱ្យខ្ញុំនៅតែធ្វើរហូត» ៕