អ្នកឧកញ៉ា គិត ម៉េង ជំរុញវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

នៅរដ្ឋធានីប៉េកាំង កម្ពុជា បានរៀបចំវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន  ដែលផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ប្រទេសទាំងពីរ និងពិភាក្សាអំពីបច្ចុប្បន្នភាពវិស័យសក្តានុពល 
កាលានុវត្តភាព ក៏ដូចជាគោលនយោបាយលើកទឹកចិត្តវិនិយោគនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន នារសៀលថ្ងៃទី១០ កុម្ភៈនេះ ក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអធិបតី និងលោក ហ៊ូ ឈុនហួ ឧបនាយករដ្ឋមន្ត្រីចិន ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ ធុរជន វិនិយោគិន និងស្ថាប័នពាក់ព័ន្ធ សរុបជាង ៣០០នាក់។

ថ្លែងក្នុងវេទិកានោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា វេទិកានេះ ពិតជានឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសភាពាណិជ្ជកម្មកម្ពុជា តែងតែសហការជាមួយភាគីចិនក្នុងការជំរុញទំនាក់ទំនងធុរកិច្ច ដោយបានរៀបចំព្រឹត្តិការណ៍ធុរកិច្ចជាង ១០០លើក ជាមួយភាគីចិន។ ក្នុងនោះដៃគូសំខាន់ៗរួមមាន ក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) វេទិកាបូអាវសម្រាប់អាស៊ី សហព័ន្ធឧស្សហកម្ម និងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្ត និងជំរុញវិនិយោគិនចិន សិក្សាស្វែងយល់និងបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ដែលជាទឹកដីសំបូរទៅដោយកាលានុវត្តភាព និងបានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ លោកថា ចិន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏ធំជាងគេមួយរបស់កម្ពុជា។

បើតាមអ្នកឧកញ៉ា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បានកើនឡើងគួរឲ្យកត់សម្គាល់ គឺកើនលឿនជាងទំហំគោលដៅ ដែលបានកំណត់ដោយ រដ្ឋាភិបាលទាំងពីរប្រទេសទៅទៀត។

អ្នកឧកញ៉ាបន្តថា កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយតំបន់​បានចូលជាធរមាននៅឆ្នាំ២០២២ ដែលរំពឹងថា​នឹងជួយលើកស្ទួយ​ទំនាក់​ទំនងសេដ្ឋកិច្ច និងធុរកិច្ច កើនដល់កម្រិតខ្ពស់ថ្មីមួយទៀត និងបន្តលើកម្ពស់សុខុមាល​ភាពប្រជាជន និងធុរកិច្ចប្រទេសទាំងពីរ។

សូមជម្រាបជូនថា នៅឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ។ សម្រាប់កម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម។

ដោយឡែកការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម៕