អ្នកឧកញ៉ា គិត ម៉េង៖ វត្តមាន២០ឆ្នាំ CTN បានផ្លាស់ប្តូរជីវិតរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា វត្តមានរបស់បណ្តាញទូរទស្សន៍កម្ពុជា CTN បានផ្លាស់ប្តូរជីវិតរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើន តាមរយៈកម្មវិធីអប់រំ កម្សាន្ត និងកម្មវិធីបង្កប់នូវការជំរុញគំនិត ដែលធ្វើឱ្យការផ្សាយរបស់យើងក្លាយជាវេទិកាទំនាក់ទំនងដ៏មានឥទ្ធិពលបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង គឺចំថ្ងៃដែលបណ្តាញទូរទស្សន៍កម្ពុជា CTN នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ CTN ឈានចូលអាយុកាល២០ឆ្នាំ។ អ្នកឧកញ៉ាថា លោកមានមោទនភាព ដែលប៉ុន្មានឆ្នាំមកនេះ CTN បានប្រែក្លាយពីបណ្តាញទូរទស្សន៍ក្នុងស្រុកទៅជាបណ្តាញទូរទស្សន៍កម្ពុជាដំបូងគេបង្អស់ដែលចាក់ផ្សាយនៅក្រៅប្រទេសក្នុងរយៈពេលត្រឹមតែ១ឆ្នាំដំបូង និងបន្តក្លាយជាសមាជិកនៃសម្ព័ន្ធទូរទស្សន៍កម្ពុជា និងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា ហៅកាត់ CBS (Cambodia Broadcast Service)។

អ្នកឧកញ៉ាគូសបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រដ៏លេចធ្លោនោះគឺ CTN ក៏បានក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុនCBS ជាមួយនឹងការបណ្តាក់ទុនរួមគ្នាថ្មីមួយរវាងសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចំនួនបី ដើម្បីបង្កើត “សម្ព័ន្ធទូរទស្សន៍កម្ពុជា”។ សមិទ្ធផលនេះបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឌីជីថលភាវូបនីយកម្ម ដើម្បីជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីឧស្សាហកម្មជំនាន់ ៤.០ នៅកម្ពុជា ដែលជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការដាក់ឱ្យដំណើរការនូវវេទិកាទូរទស្សន៍ឌីជីថលតែមួយ ដែលជំរុញឱ្យបណ្តាញរបស់ឯកជន និងរដ្ឋទាំងអស់ផ្លាស់ប្តូរការផ្សាយបែបអាណាឡូកទៅជាការផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ដែលជាមេធំរបស់បណ្តាញស្ថានីយ៍ទូរទស្សន៍ CBS រូបនេះបានសរសរលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី៣មីនា យ៉ាងដូច្នេះថា «តាមរយៈការឆ្លុះបញ្ចាំងពីប្រតិបត្តិការផ្សព្វផ្សាយរយៈពេល២០ឆ្នាំរបស់យើងមកដល់ពេលនេះ ខ្ញុំសូមទទួលស្គាល់ និងថ្លែងអំណរគុណចំពោះអតិថិជន និងដៃគូរបស់យើងជាច្រើន សម្រាប់ការជឿទុកចិត្ត និងការប្តេជ្ញាបន្តគាំទ្ររបស់ពួកគាត់ចំពោះយើងទៀត»។

ទន្ទឹមនឹងនោះដែរ អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់នៅ CTN និង CBS ដែលបានចូលរួមជាផ្នែកមួយដ៏សំខាន់នៃដំណើរការផ្សាយដ៏អស្ចារ្យរបស់ស្ថានីយទូរទស្សន៍ CTN។ អ្នកឧកញ៉ាថ្លែងថា «ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាអាចឱ្យយើងសម្រេចបាននូវគោលដៅរបស់យើង ហើយជាមួយនឹងការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា យើងនឹងបន្តបង្កើនមាតិកាថ្មីៗដែលមានស្តង់ដារបន្តបន្ទាប់ទៀត»។

សូមជម្រាបជូនថា ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា ហៅកាត់ CBS (Cambodia Broadcast Service) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ រ៉ូយ៉ាល់ គ្រុប ដែលក្រោមដណ្តប់លើបណ្តាញផ្សព្វផ្សាយទូរទស្សន៍ចំនួន ៣ គឺ ស្ថានីយ៍ទូរទស្សន៍ CTN, Mytv និង CNC ៕