សម្តេចតេជោ ហ៊ុន សែន អញ្ជើញនាយករដ្ឋមន្រ្តីម៉ាឡេស៊ីមកទស្សនកិច្ចផ្លូវការនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៉ី ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅកម្ពុជានាយករដ្ឋមន្រ្តីម៉ាឡេសុី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង។

ក្រៅពីនេះ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងស្នាក់នៅប្រទេសកម្ពុជា នាយករដ្ឋមន្រ្តីម៉ាឡេសុី នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីរិះរករបៀប និងវិធីសាស្រ្តថ្មីៗ សំដៅធ្វើឱ្យកាន់តែស៉ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មាន រួមគ្នា។

បើតាមក្រសួងការបរទេសកម្ពុជា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងពិធីលៀងសាយភោជន៍ស្រាយបួសរបស់សាសនិកអ៉ីស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍អ៉ីស្លាមនៅកម្ពុជា ផងដែរ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៉ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ៕