សម្តេចតេជោ ហ៊ុន​ សែន ស្នើម៉ាឡេស៊ីគាំទ្រការស្ថាបនាខ្សែកាបអគ្គិសនីក្រោមបាតសមុត្រទៅសិង្ហបុរី

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងចេញពីវិមានសន្តិភាព ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងនាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីផ្តល់ការគាំទ្រការស្ថាបនាខ្សែកាបអគ្គិសនីក្រោមបាតសមុទ្រដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសសិង្ហបុរី សម្រាប់គម្រោងពាណិជ្ជកម្មឋាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចតេជោ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានជម្រាបសម្តេចថា លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀងឡុង បានលើកឡើងនូវបញ្ហានេះជាមួយលោកម្តងរួចមកហើយ។ ការណ៍នេះ ត្រូវបានសម្តេចតេជោ ហ៊ុន​ សែន បញ្ជាក់ថា នេះជាវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អមួយក្នុងចំណោមប្រទេសទាំំង៣។

សូមជម្រាបជូនថា  ក្រុមហ៊ុន Royal Group Power Co.,​Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ឲ្យក្រុមហ៊ុន Kappel Energy Pte Ltd តាមរយៈបណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរី កាលពីថ្ងៃទី១៥ ខែមីនា នៅប្រទេសសិង្ហបុរី។

តាមរយៈគម្រោងដ៏ធំមួយនេះ កម្ពុជានឹងធ្វើការនាំចេញថាមពលអគ្គិសនីកកើតឡើងវិញចំនួន ១.០០០មេហ្គាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមបាតសមុទ្រ ទៅកាន់ប្រទេសសិង្ហបុរី ដែលនេះជាជំហានដំបូង ក្រុមហ៊ុនវិនិយោគទាំងពីរនឹងធ្វើការសិក្សាលើការតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ដែលនឹងចាប់ពីខែមីនា ឆ្នាំ២០២៣នេះតទៅ៕