សម្តេចតេជោ ហ៊ុន សែន បញ្ជាមិនឲ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្កេមនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនានេះ​បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ សេចក្តីព្រាងផែនការជាតិ និងការអភិវឌ្ឍថាមពលអគ្គិសនី។​ ក្នុងកិច្ចនោះ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឲ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្កេម ដោយមិនបង់លុយទាំងអស់។ ចំណែក សហព័ន្ធកីឡាដែលមកចូលរួមក៏មិនត្រូវបង់លុយដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ការផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬ ក៏អោយ free តែម្តង ព្រោះសំខាន់គឺផ្សាយពីប្រទេកម្ពុជា។ នេះបើតាមលោក ខៀវ​ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកនេះ​នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន កាលរសៀលថ្ងៃទី៣០ ខែមីនាម្សិលមិញ បានដាក់​ចេញបទ​បញ្ជាមិន​ឱ្យមានការ​លក់សំបុត្រ​ចំពោះ​ការ​ចូលទស្សនា ការប្រកួត​កីឡា​ស៊ីហ្គេម​លើកទី៣២នោះឡើយ ដោយ​សម្ដេច​ប្រកាស​អនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរី។ ការចេញបទបញ្ជារបស់សម្តេចតេជោ នាពេលនេះបន្ទាប់​ពី​សម្ដេចតេជោ​ទទួល​បាន​ព័ត៌មាន​តាមរយៈ​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ​ថា​មាន​ការ​ផ្សព្វផ្សាយ​ថា​មានការ​លក់​សំបុត្រចូលទស្សនាក្នុងពេលពិធីបើក និងពិធីបិទ កីឡា​ស៊ីហ្គេម​នៅកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «រាជរដ្ឋាភិបាលបានចំណាយប្រាក់ទាំងមូលដ្ឋាន​សម្ភារៈ​បច្ចេកទេស ក៏ដូចជាជំនួយ​ពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយ​នូវ​ធនធាន​ជា​ច្រើន​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀតរាប់រយលានដុល្លារ និង​បាន​ចំណាយ​ពេល​ជាច្រើនឆ្នាំទម្រាំកើតចេញជារូបរាងនៃការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ នៅ​កម្ពុជា»។

សម្ដេចតេជោបញ្ជាក់ថា គ្មានការបង់ប្រាក់ណាមួយ សម្រាប់ប្រជាជនចូលទៅទស្សនាក្នុងពិធីបើក-បិទ និង ទស្សនាគ្រប់​វិញ្ញាសារនៃការប្រកួតនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅ​កម្ពុជា​នោះឡើយ។

សូមជម្រាបជូនថា ថ្ងៃទី៣១​ មីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៣៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះឆ្នាំ២០២៣នេះ៕