សម្តេចតេជោ ហ៊ុន សែន នឹងស្នើព្រះមហាក្សត្រតែងតាំងលោក សាម អុីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន

សង្គម​និង​សេដ្ឋកិច្ច

លោក សាម អុីន នៅថ្ងៃទី២ ខែមេសានេះបានដាក់លិខិតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយប្រកាសលាលែងដំណែងប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់លើបណ្ដាញសង្គមតេឡេក្រាម នាល្ងាចថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក សាម អុីន ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រិត្យតែងតាំងបណ្ឌិតសាម អុីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីឲ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន”។

សូមបញ្ជាក់ថា លោក សាម អុីន ក្រៅពីភាសាកំណើតលោកអាចនិយាយភាសាអង់គ្លេស និងអាល្លឺម៉ង់ច្បាស់ គឺជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោក សាម អុីន ធ្លាប់ជាសិស្សពូកែទូទាំងប្រទេស​ផ្នែកគណិតវិទ្យា ហើយបានជាប់​អាហា​រូបករណ៍ទៅរៀន​នៅប្រទេស​អាល្លឺម៉ង់​ផ្នែករុក្ខកម្ម (វិទ្យាសាស្រ្តព្រៃឈើ) នៅឆ្នាំ ១៩៩០។ នៅឆ្នាំ ១៩៩៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ដ្រេសដិន [University of Technology Dresden] លោកបានត្រលប់មកស្រុកខ្មែរ និងធ្វើការ​ជាមួយ​អង្គការអភិវឌ្ឍន៍​អាល្លឺម៉ង់ GTZ ចំនួន ១ ឆ្នាំកន្លះ ហើយក៏ត្រលប់ទៅបន្តការសិក្សាចប់​ថ្នាក់បណ្ឌិត​ផ្នែក​នយោបាយ​ព្រៃឈើនៅអាល្លឺម៉ង់វិញរហូតដល់ឆ្នាំ ២០០២។

លោក សាម អុីន ធ្លាប់ទទួល​ពានរង្វាន់​ភាពជាអ្នកដឹកនាំអាស៊ានលើវិស័យអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ផ្តល់ជូនដោយអគ្គលេខាធិការដ្ឋានអាស៊ាន ខែកក្កដា ឆ្នាំ២០១៣៕