សមាជិកសភា និងអភិបាលខេត្តអូសាកា ចេញលិខិត​អបអរ​សាទរ​​ការរៀបចំ​​សង្ក្រាន្តខ្មែរ​នៅជប៉ុន

សង្គម​និង​សេដ្ឋកិច្ច

សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យសេរី(LDP) អភិបាលខេត្ត និង​អភិបាល​ក្រុង​អូសាកា​(OSAKA)របស់ប្រទេសជប៉ុន បានចេញលិខិតចំនួន៣ច្បាប់ផ្សេងគ្នា អបអរសាទ​រ​ចំពោះ​ការ​រៀប​ចំព្រឹត្តិការណ៍​សង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីក្រុង​អូសាកាដែល​បានប្រារព្ឋ​កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ​ដោយចាត់ទុក​ជាព្រឹត្តិការណ៍​ដែលបានបង្ហាញពីភាពល្អឥតខ្ចោះ និង​ភាព​សម្បូររុងរឿងនៃវប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាគន្លឹះ​នៃ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ផ​ង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ កាតាយាម៉ា សាតសុគិ(KATAYAMA SATSUKI) សមាជិកព្រឹទ្ធសភា និងជា​ប្រធាន​គណៈកម្មការកិច្ចការស្រាវ​ជ្រាវ​ហរិញ្ញវត្ថុ និងជាអនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​ប្រព័ន្ធ​ពន្ធ​នៃ​គណបក្ស​ប្រជាធិបតេយ្យសេរី(LDP)ដែលជាបក្សកាន់អំណាចនៅជប៉ុន បានបង្ហាញជំនឿយ៉ាង​មុត​មាំ​ថា ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុននេះ នឹងចូលរួមចំណែក​ក្នុងការផ្លាស់ប្តូរ និង​ចែក​រំលែក​វប្បធម៌ ព្រមទាំងពង្រឹងចំណង​មិត្តភាពនៃប្រទេស​ទាំងពីរ​ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ សម្រាប់​លោកជំទាវ ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនេះ បានបង្ហាញពីភាពឥតខ្ចោះ និងភាព​សម្បូរ​រុង​រឿង​នៃ​ប្រពៃណីវប្ប​ធ៌មខ្មែរ​ដែលបានល្បីរន្ទឺ​ទូទាំងសកលលោក។

ដោយឡែក អភិបាលខេត្តអូសាកា ឯកឧត្តម យូស៊ីមូរ៉ា ហីរូហ្វូមី(YOSHIMURA HIROFUMI) ក៏​រំភើបរីករាយយ៉ាង​ក្រៃ​លែងចំពោះការ​រៀបចំព្រឹត្តិការណ៍សង្ក្រាន្ត​របស់ខ្មែរដែល​ធើ្វជាលើកដំបូងក្នុង​ទឹកដីខេត្តអូសាកា។ សម្រាប់ឯកឧត្តម ការរៀប​ចំ​ព្រឹត្តិការណ៍​ដែល​មាន​ការ​ដាក់​បង្ហាញ​ម្ហូប​អាហារ​ឈ្ងុយ​ឆ្ងាញ់ ការប្រគុំតន្រ្តីរបស់​សិល្បករ​ល្បីល្បាញ និងការសម្តែងរបាំប្រពៃណីជាដើមនេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ខេត្ត​អូសាកា និង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ស្អិត​រមួត​ថែមមួយ​កម្រិត​ទៀត។

ទន្ទឹមនឹងនេះ អភិបាលក្រុងអូសាកា លោកយូកូយ៉ាម៉ា ហៃដេយូកិ(YOKOYAMA Hideyuki)វិញ ក៏​សង្កត់ធ្ងន់ថា ព្រឹត្តការណ៍សង្ក្រាន្តខ្មែរនៅជប៉ុនឆ្នាំ២០២៤នេះ បាន​ពាំនាំ​នូវ​ប្រពៃណី​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យសង្រ្កាន្តខ្មែរ, វប្បធ៌ម, ល្បែងប្រជាប្រិយ, និងម្ហូបខ្មែរ ដែលសុទ្ធ​សឹង​ជា​កិត្យា​នុពល​ភាព​នៃវប្បធ៌មខ្មែរ មកបង្ហាញជូនប្រជាពលរដ្ឋ​នៃក្រុង​អូសាកា ព្រមទាំង​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ទាំងអស់ឱ្យឈ្វេងយល់ ហើយព្រឹត្តិការណ៍​ដ៏ល្អផូរផង់នេះ បានចូលរួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការជំរុញកិច្ចសហ​ប្រតិបត្តិការ​វប្បធ៌មនៃប្រទេសជប៉ុននិងប្រទេសកម្ពុជា។

លោក​អភិបាលក្រុង ក៏បានថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាលកម្ពុជាដែល​បានជ្រើសរើស​ទីក្រុងអូសាកាសម្រាប់ប្រារព្ធព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុន​យ៉ាង​គគ្រឹកគគ្រេង​នេះផងដែរ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការ​ជាមួយ​ស្ថាន​ឯក​អគ្គ​រាជ​ទូត​នៃ​ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង កាល​ពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអប​អរ​សាទរ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅសួនអូសាកា(Osaka Castle)​ក្នុងក្រុងអូសាកានៃខេត្តអូសាការបស់ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ណាកាណុ ហីរូមាសា(Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាង​អភិបាល​ខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវ​កិត្តិយស​ជាតិ និងអន្តរជាតិសរុបជាង១ម៉ឺននាក់។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំពិធីសាសនា ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេន​ចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និង​ការ​ដាក់​បង្ហាញ​ស្តង់​ម្ហូប​អាហារ​ខ្មែរ ផលិតផលខ្មែរ​ជា​ច្រើន​ដូច​ជា​នំអន្សម​នំគម​ម្រេច​ខ្មែរ​សម្លៀក​បំពា​ក់​ប្រពៃណី​ខ្មែរ​រួម​ទាំង​ការលេ​ងល្បែងប្រជាប្រិយ រួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកប​ដោយ​បរិយាកាសស្និទ្ធស្នាល និងសប្បាយ​រីករាយ។ គួររំលឹកថា ក្រៅតែពីការ​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំថ្មី​នៅក្នុ​ង​ទីក្រុងអូសាកាដែល​សមាជិកព្រឹទ្ធសភា អភិបាលខេត្ត និងអភិបាល​ក្រុង​អូសាកា​អបអរ​សាទរ​នាពលរនេះ ក្រុមការងារដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏​បានរៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះចំនួន១០ទីតាំងផ្សេងទៀតនៅតាមតំបន់នានាក្នុងប្រទេសជប៉ុនផងដែរ៕