លោក សាម អុីន ប្តេជ្ញាចិត្តធ្វើការជាមួយរដ្ឋមន្ត្រី សាយ សំអាល់ ឱ្យអស់ពីសមត្ថភាពដែលមាន

សង្គម​និង​សេដ្ឋកិច្ច

មិនដល់មួយម៉ោងផង ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នឹងទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាម អុីន បង្ហាញក្តីអំណរសាទរ និងប្តេជ្ញាចិត្តបំពេញការងារនៅក្រសួងបរិស្ថានជាមួយលោក សាយ សំអាល់ ឲ្យអស់ពីសមត្ថភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សាម អុីន លើបណ្ដាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃអាទិត្យទី២ ខែមេសានេះ បានលើកឡើងថា ទឹកចិត្តមហាសមុទ្រ ក្រោយពីលោកបានផ្ញើលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងផែនការចង់ចូលរួមជួយក្រសួងបរិស្ថាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍រូបលោកយ៉ាងកក់ក្តៅ និងផ្តល់ឱកាសឱ្យបានបម្រើការងារក្នុងក្រសួងបរិស្ថាន ជារដ្ឋលេខាធិការ ក្រោមការដឹកនាំរបស់លោក សាយ សំអាល់ ជារដ្ឋមន្រ្តី។

លោកបន្តថា៖ “ខ្ញុំរីករាយចំពោះការទទួលបានឱកាសដ៏ល្អនេះ និងត្រៀមខ្លួនចូលរួមជួយការងារក្រសួង ឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពដែលមាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្រ្តី ដែលផ្តល់ឱកាស និងការគាំទ្រចំពោះសំណើររបស់ខ្ញុំ”។

លោកគូសបញ្ជាក់បន្ថែមថា “ខ្មុំយល់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកមានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ”។

សូមជម្រាបថា លោក សាម អុីន ជាសហស្ថាបនិក និងជាប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ហើយត្រូវបានប្រកាសលាលែងដំណែងទាំងអស់នេះជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា៕