៥ឆ្នាំចុងក្រោយ ខេត្តរតនគិរី ទាក់ទាញភ្ញៀវទេសចរ​បានជាង១លាននាក់

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល ៥ឆ្នាំចុងក្រោយនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅក្នុងខេត្តរតនគិរី មានជាង១លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីសមិទ្ធផល៥ឆ្នាំកន្លង របស់រដ្ឋបាលខេត្តរតនគិរី នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែមេសានេះ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យដ៏សំខាន់មួយក្នុងចំណោមវិស័យសំខាន់ៗបី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចខេត្ត។

លោកបានបន្តថា រយៈពេល៥ឆ្នាំមកនេះ ភ្ញៀវទេសចរដែលមកលេងរតនគិរី គឺ១ ០១៤ ០៦៥ នាក់។ ក្នុងនោះមានភ្ញៀវជាតិ ៩៥៧ ៥៦៤នាក់ និងភ្ញៀវអន្តរជាតិមាន ៥៦ ៥០១នាក់ ។


ជាមួយគ្នានេះ លោក ង៉ែត ពិទូ ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២២ ពោលគឺនៅក្រោយពីកម្ពុជា ងើបចេញពីវិបត្តិជំងឺឆ្លងរាលដាល កូវីដ-១៩ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដែលក្នុងម្នាក់ចំណាយថវិកាជាមធ្យមប្រមាណ៣០ម៉ឺនរៀល។ ជារួមភ្ញៀវជាង២០ម៉ឺននាក់ បានចំណាយថវិកា ៦០០ពាន់លានរៀល សម្រាប់ជួយដល់សេដ្ឋកិច្ចខេត្តរតនគិរីដោយផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា រតនគិរីជាខេត្តមួយដែលស្ថិតនៅភូមិភាគឦសាន្តនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ៥៨៨គីឡូម៉ែត្រ មានព្រំប្រទល់ខាងលិច ជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងជើងជាប់នឹងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី។

ខេត្តរតនគិរីមាន រមណីយដ្ឋានទេសចរណ៍ចំនួន ៣០កន្លែង ក្នុងនោះមាន រមណីយដ្ឋានធម្មជាតិ ២០កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិ ២កន្លែង និងរមណីកែច្នៃចំនួន៨កន្លែង៕

អត្ថបទ៖ រ៉េត សុកធា