គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងព្រលានយន្តហោះថ្មីទំាង២ ជះឥទ្ធិពលវិជ្ជមានយ៉ាងណាខ្លះដល់សេដ្ឋកិច្ចនិងទេសចរណ៍?

សង្គម​និង​សេដ្ឋកិច្ច

បើទោះបីមន្ត្រីអ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន មិនទាន់បានឆ្លើយតបឬបង្ហាញព័ត៌មានជាសាធារណៈថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងចាប់ផ្តើមធ្វើការសិក្សារនៅពេលណាឱ្យច្បាស់លាស់យ៉ាងណានោះក្តី គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បូករួមនិងគម្រោងសាងសង់ព្រលានយន្តសៀមរាបនិងព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលភាពប្រទាក់ក្រឡាគ្នានេះវានឹងជះឥទ្ធិពលវិជ្ជមានយ៉ាងណាខ្លះទៅដល់វិស័យសេដ្ឋកិច្ចនិងទេសចរណ៍កម្ពុជានៅពេលដាក់ឱ្យដំណើរជាបន្តបន្ទាប់នៅពេលខាងមុខ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមអ្នកជំនាញខាងសេដ្ឋកិច្ចមានទស្សនៈយល់ឃើញគម្រោងខាងលើថា ជាការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលដើម្បីស្រូបទាញសម្រាប់វិស័យទេសចរណ៍នៅពេលដែលសេដ្ឋកិច្ចត្រូវបានបើកចំហរឡើងវិញ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាមានទស្សនៈយល់ឃើញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះរាជរដ្ឋាភិបាលមានបំណងសម្រាប់ជំរុញវិស័យទេសចរណ៍ និងការចរាចរមនុស្សចេញពីក្រុងភ្នំពេញទៅក្រុងសៀមរាបហើយនៅក្នុងនោះយើងដឹងថាជាឆ្លើយតបទៅនិងការកសាងនៅព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនិងព្រលាយន្តហោះអន្តរជាតិសៀមរាបដែលជាព្រលានយន្តហោះធំ ហើយក៏ជាការត្រៀមខ្លួនហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា។

បើសិនជាព្រលានយន្តទាំងពីរខាងលើនៅថ្ងៃខាងមុខត្រូវបានដាក់ឱ្យដំណើរហោះហើរជាផ្លូវការ តើវិស័យទេសចរណ៍របស់កម្ពុជាអាចនិងមានភាពរឹងមៃនិងមានភាពទាក់ទាញកម្រិតណា?

លោកបណ្ឌិត សង្កត់ធ្ងន់ថា​ «យើងមិនទាន់ឆ្លើយថាវាមានភាពរឹងមំាបាននៅឡើយទេវាគ្រាន់ជាការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលដើម្បីស្រូបទាញវិស័យទេសចរណ៍នៅពេលដែលសេដ្ឋកិច្ចត្រូវបានបើកចំហរឡើងវិញ»។

ដោយឡែក លោកឧកញ៉ា លឹម ហេង អ្នកជំនាញផ្នែកពាណិជ្ជកម្មនិងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ក្នុងវិស័យសេដ្ឋកិច្ចត្រូវការ ការដឹកជញ្ជូន បើកម្ពុជាផលិតទំនិញហើយអត់មានច្រកនាំចេញឬផ្លូវដឹកជញ្ជូ វាធ្វើឱ្យការផលិតវាមានមិនច្រើននោះទេ។ ដូចនេះមិនថាផ្លូវទឹក ផ្លូវគោកនិងផ្លូវអាកាសនោះទេវាគឺជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិមួយហើយប្រទេសជាតិណាមួយ មានការអភិវឌ្ឍទំាងផ្លូវការអាកាស ផ្លូវគោកនិងផ្លូវទឹកវានឹងជំរុញកំណើនសេដ្ឋកិច្ចទំាងផ្ទៃក្នុងនិងការនាំចេញ។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «សព្វថ្ងៃនេះយើងមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមួយហើយនៅពេលខាងមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ-ស្វាយរៀង ហើយយើងប្រហែលនិងមានផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតមួយទៀតសម្រាប់ជាការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ដូចនេះបើយើងមានផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងធ្វើឱ្យអ្ននវិនិយោគសម្លឹងឃើញកម្ពុជាមានការចាប់អារម្មណ៍កាន់តែខ្លំាង ស្របពេលកម្ពុជាមានច្បាប់វិនិយោគថ្មីមាការលើកទឹកចិត្តដល់វិនិយោគិន។បើកម្ពុជាមានផ្លូវល្បឿនលឿនដូចទៅនិងការលើកឡើងខាងលើនេះវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាន់ខ្លំាង»។

លោកឧកញ៉ាបន្តថា ទន្ទឹមនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រៀមធ្វើការសិក្សា។ព្រលានយន្តខេត្តសៀមរាបនៅពេលបើកដំណើរការហើយទទួលបានភ្ញៀវទេសចរនិងមានកាន់តែច្រើននិងជួយជំរុញកំណើនសេដ្ឋកិច្ច ជួយទាក់ទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជាច្រើន គួបផ្សំជាមួយកម្ពុជាមានផ្លូវល្បឿនថែមទៀតនោះវាធ្វើឱ្យកម្ពុជាមានភាពទាក់ទាញកាន់តែប្រសើរ។

លោកឧកញ៉ាសង្កត់ធ្ងន់ថា «គម្រោងព្រលានយន្តហោះទំាង២កន្លែងដែលមួយកំពុងត្រៀមដាក់ឱ្យដំណើរការសាកល្បងនិងមួយទៀតសម្រេចបានការសាងសង់ជាង៤៤%នឹងក្លាយជាកន្លែងផ្គត់ផ្គង់សម្រាប់ឆ្លើយតបទៅតាមតម្រូវការដែលយើងកម្ពុជាចង់បាននៅក្នុងវិស័យទេសចនិងសេដ្ឋកិច្ច»។

ស្រដៀងគ្នាទៅនិងអ្នកជំនាញសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សម្រាប់អ្នកជំនាញខាងវិស័យទេសចរណ៍បានចាត់ទុកថាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបក៏ដូចជាគម្រោងព្រលានយន្តហោះសៀមរាបនិងព្រលានយន្តហោះអន្តរជាតិថ្មីភ្នំពេញនេះនឹងជះឥទ្ធិពលវិជ្ជសំខាន់ៗជាច្រើនដល់សេដ្ឋកិច្ចនិងទេសចរណ៍កម្ពុជានៅថ្ងៃខាងមុខ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន មានប្រសាសន៍ថា «ជុំវិញគម្រោងសិក្សាផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាបដែលក្រសួងនិងក្រុមហ៊ុនដៃគូត្រៀមចុះធ្វើការសិក្សានៅពេលមុខនេះ បើទទួលបានជោគជ័យដូចទៅនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវានិងជះឥទ្ធិពលវិជ្ជមានសំខាន់ៗមួយចំនួនជាច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា វាធ្វើឱ្យការដឹកជញ្ជូនទំនិញបានកាន់តែលឿនទាន់ពេលវេលាទំនិញមានគុណភាពនៅល្អទាក់ទងចំណីអាហារវាមិនមានការប្រែប្រួលរសជាតិ ហើយការធ្វើដំណើររបស់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបានច្រើនកន្លែងក្នុងពេលតែមួយ មានន័យថាទេសចរយើងអាចដាក់ខ្សែទស្សនៈកិច្ចនៅតំបន់ជុំវិញខេត្តសៀមរាបនេះបានច្រើនទីតំាង ធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចនៅមូលដ្ឋាននៅតាមគោលដៅទេសចរ»។

លោកជំទាវបន្តថា ទាក់ទងព្រលានយន្តថ្មីចំនួន២ដែលនិងលេចចេញជារូបរាងនៅពេលខាងមុខច្បាស់ណាស់វានិងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាឈានដល់កម្រិតមានសមត្ថភាពរឹងមំា មានសក្តានុពលទាក់ទាញជើងហោះហើរត្រង់មកពីប្រទេសធំៗបានច្រើនដែលផ្ទុកអ្នកដំណើរចូលមកទស្សនានៅកម្ពុជាបានច្រើន អ៊ីចឹងយើងរំពឹងថាដល់ពេលនេះចំនួនភ្ញៀវទេសចរនឹងមានការកើនឡើង។

បើយោងតាមអ្នកជំនាញផ្នែកទេសចរកម្ពុជា ដើម្បីទទួលបានការវិនិយោគបន្ថែមនៅក្នុងវិស័យទេចរណ៍កម្ពុជាគួរតែលើកទឹកចិត្តទៅដល់ការវិនិយោគផលិតផលទេសចរទំាងអស់ ដោយធ្វើយ៉ាងណាឱ្យអ្នកវិនិយោគមានទឹកចិត្តក្នុងការវិនិយោគ តាមរយៈការលើកលែងណាមួយនៅពេលបើកដំបូងៗ។លើសពីនេះច្បាប់ទម្លាប់ត្រូវមានការលើកទឹកចិត្ត ទើបធ្វើឱ្យវិនិយោគិនចង់បណ្តាក់ទុនរកស៊ីនៅក្នុងវិស័យទេសចរណ៍បន្ថែមទៀតនៅកម្ពុជា៕ អត្ថបទ៖សារេត