ខេត្តកំពតមានឃ្លាំងស្តុកអំបិលជាង៥០០កន្លែង អាចផ្តល់ទិន្នផលបានប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំជាង៣ពាន់ហិកតា និងមានឃ្លាំងស្តុកអំបិលជាង៥០០កន្លែង និងអាចផ្តល់ទិន្នផលបានប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំ។នេះបើតាមលោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរចុះពិនិត្យស្ថានភាពស្រែអំបិលក្នុងខេត្តកំពត និងជួបជាមួយអ្នកផលិតអំបិលក្នុងខេត្តកំពត ដែលដឹកនាំដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកស្រី ស៊ឹម ណារី បានឱ្យដឹងថា ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣.៤៨៩ ហិកតា មានឃ្លាំងស្តុកអំបិលចំនួន៥៦០កន្លែង ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១.៤៧៤ នាក់។

លើសពីនោះ កសិដ្ឋានផលិតអំបិលក្នុងខេត្តកំពតដំណើរការបានរយៈពេល ៤ ទៅ ៦ ខែនៅក្នុងមួយឆ្នាំ អាស្រ័យលើអាកាសធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំផងដែរ។

លោក ហែម វណ្ណឌី បានលើកឡើងថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការកែច្នៃផលិតផលផ្សេងៗ។លើសពីនោះ អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ២០២២-២០២៦ និងបានជំរុញឱ្យអ្នកផលិតអំបិលឱ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែនជាទីផ្សារប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រដើម្បីប្រព្រឹត្តកម្មទឹកស្អាតជាដើម។

ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តដល់អ្នកផលិតអំបិល និងអាជីវកម្មដែលមានសក្តានុពលក្នុងខេត្តទាំងពីរ ដូចជាអាជីវកម្មផលិតទឹកត្រី និងម្រេច ឱ្យសហការជាមួយក្រសួង សម្រាប់ការគាំទ្រទាក់ទងនឹងគុណភាព និងស្តង់ដារផលិតផល។

សូមជម្រាបថា ផលិតផលអំបិលកំពត-កែប ត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ (GI) កាលពីខែមេសា ឆ្នាំ២០២៣។ ក្រោយពីអំបិលកំពត-កែបក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ត្រូវបានប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ក៏ដូចជាតាមតំបន់ប្រជាកសិករផលអំបិលរំពឹងថា នឹងទទួលបានប្រាក់ចំណូលកើនឡើងមួយកម្រិតទៀត តាមរយៈផលិតផលអំបិលនេះផងដែរ៕