សេចក្តីព្រាងច្បាប់ស្តីពី​សារពើពន្ធ ត្រូវបានរដ្ឋសភាជាតិ សម្រេចអនុម័តជាផ្លូវការហើយ

សង្គម​និង​សេដ្ឋកិច្ច

សេចក្តីព្រាងច្បាប់​ស្តីពី​សារពើពន្ធ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានអនុម័តទាំងស្រុងហើយ។ការសម្រេចអនុម័តសេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦ ​កាលព្រឹកថ្ងៃទី១៩ ​ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេច ​ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា​ចំនួន៩៧រូបផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការប្រកាសរបស់រដ្ឋសភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួលកែលម្អ បំពេញចន្លោះខ្វះខាត និងធានាសង្គតភាពជាមួយច្បាប់ និងបទដ្ឋានគតិយុត្តនានា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច ខណៈសេចក្តីព្រាងច្បាប់នេះ ក៏នឹងចូលរួមជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា បង្កើនភាពអនុគ្រោះនៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោមភាពសារពើពន្ធ ធានានូវការប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម។

សូមរម្លឹកដែរថា ច្បាប់ស្ដីពីសារពើពន្ធជាធរមានមាន ​ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៧ ​មាន​ចំនួន ៧ជំពូក ចែកចេញជា ១៥៥មាត្រា បូករួមទាំង​បទប្បញ្ញតិ្តស្ដីពីសារពើពន្ធដទៃទៀត​ដែលនៅ​រប៉ាត់ប៉ាយ​ក្រៅពី​ច្បាប់​ស្ដីពីសារពើពន្ធ។

ចំណែកសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដែល​ត្រូវ​បាន​រៀបចំ​រួចរាល់​ចប់សព្វគ្រប់នេះ​មាន​ចំនួន​ដល់​ទៅ ២០ជំពូក និង២៥៥មាត្រា​ ដោយ​សារជាការរួម​បញ្ចូល​គ្នានូវច្បាប់ស្ដីពី​សារពើ​ពន្ធ​ជាធរមាន និងច្បាប់ ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ស្ដីពីពន្ធដារ​ដែលនៅរប៉ាត់​ប៉ាយ​ទាំងអស់ ​ហើយ​បន្ថែម​ដោយ​មាត្រាថ្មីមួយចំនួន ​ដើម្បី​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត។

ដោយឡែក​ចំពោះផ្នែកទោសទណ្ឌ ក៏ត្រូវ​បានពិនិត្យពិភាក្សាយ៉ាង​ល្អិតល្អន់ ​និងបានកែ​សម្រួលរួចរាល់​ហើយ​បន្ទាប់​ពី​មានធាតុចូល​ពី​ក្រសួង​យុត្តិធម៌ ​និងកិច្ចពិភាក្សាសម្របសម្រួលបន្ថែមចុងក្រោយជាមួយអង្គភាព​ប្រឆាំង​អំពើពុករលួយ។

សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី ​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្ដីពី​សារពើពន្ធ ក្នុង​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី ​៣១ ខែមីនា ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រីកម្ពុជា ៕​