ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចមិនយកអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូត ដើម្បីជាការឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល។ នេះបើយោងតាមការបញ្ជាក់បន្ថែមនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

សម្ដេចធិបតី បានលើកឡើងថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការប្រែប្រួលកើនឡើងតម្លៃប្រេងឥន្ទន:ជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់រួមមាន៖ ១/ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ២/ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល និងទី៣/ ពន្ធគយ ០ (សូន្យ)។
ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច៖ ១/ បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ។ ២/ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង៣/ បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%៕


