ព្រះមហាក្សត្រ ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖

«ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវកំណត់ក្នុងច្បាប់»។

សូមជម្រាបថា ការធ្វើវិសោធនកម្មនេះ ក្នុងគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

នៅបណ្ដាប្រទេសជាង១៥០ នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ អឺរ៉ុបដែលមាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ចំណែកនៅតំបន់អាស៊ាន មាន៩ប្រទេសហើយដែលមានច្បាប់ដកសញ្ជាតិ។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អុីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕