ផ្លូវតភ្ជាប់ពីមហាវិថីសម្ដេច ហ៊ុន សែន រហូតដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី សង់បានជិត៤០%

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ទៅអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចបានជិត៤០%ហើយ ខណៈការដ្ឋាន​សាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនេះ ក៏សម្រេចបានជាង៤៦%ផងដែរ។ នេះបើតាមការឱ្យដឹងពីអគ្គលេខាដ្ឋនាអាកាសចរស៊ីវិល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលមានទទឹងប្រវែង៦០ម៉ែត្រ កាត់ផ្លូវជាតិលេខ២ រហូតដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) ដែលមានប្រវែង១៣.៥គីឡូម៉ែត្រ ក៏សម្រេចបាន៣៨%។

ដោយឡែក ចំពោះអាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី)វិញ លោកថា បច្ចុប្បន្នសាងសង់បានសម្រេចជាង៤៦%ហើយ ខណៈអាកាសយានដ្ឋាននេះ អាចនឹងគ្រោងដាក់ឱ្យដំណើរការនៅក្នុងពាក់​កណ្ដាលឆ្នាំ២០២៤ ខាងមុខនេះ។

សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ  ត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ក្រោមទុនសរុបប្រមាណ ១,៥ពាន់លានដុល្លារ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន China Construction Third Engineering Bureau Group Co., Ltd. នៅលើផ្ទៃដី ២ ៦០០ហិកតា៕

អត្ថបទ៖ ពិសី