៣ខែ ឆ្នាំនេះ ពន្ធដាររកចំណូលបានជាង ១៣០០លានដុល្លារ កើនឡើងជាង៦%

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ រកចំណូលបានពីពន្ធ-អាករគ្រប់ប្រភេទបានជាង ១៣០០លានដុល្លារ កើនឡើងប្រមាណជាង៦%។នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ មីនា និងត្រីមាសទី១ ឆ្នាំ ២០២៣ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ៣ខែ ក្នុង២០២៣ ចំណូលពន្ធ-អាករ ដែលពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ៥ ៤៤២ ប៊ីលានរៀល ឬប្រមាណជា ១ ៣៤៣,៩០ លានដុល្លា ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើ ប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៣២៦,៩៧ ប៊ីលានរៀល ឬប្រមាណជា ៨០,៧៣ លានដុល្លារ ស្មើនឹង ៦,៣៩%។

ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ បានហក់ឡើងខ្ពស់ ដោយសារជារៀងរាល់ឆ្នាំ ចាប់ពីខែមករាដល់ ខែមីនា គឺជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ឬខាតរបស់សហគ្រាសនាឆ្នាំកន្លងមកប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថា រកបានចំណេញ ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។

លើសពីនោះ លោក បានគូសបញ្ជាក់បន្ថែមថា បើទោះបីចំណូលមានការកើនឡើងក្តី តែការប្រមូលបំណុលពន្ធមានការថមថយ ធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និងជួបប្រទះបញ្ហាប្រឈម ដោយសារមានសហគ្រាសខ្លះបាន បន្តយកលេសពីស្ថានភាពនៃភាពមិនប្រាកដប្រជា និងការប្រែប្រួលនូវបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេលឬគេចវះ ពីការបង់បំណុលពន្ធ៕