អូស្រ្តាលី មានបំណងបង្កើតសួនកសិ-ឧស្សាហកម្ម ដំបូងគេនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អូស្រ្តាលី កំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួន-ឧស្សាហកម្ម (AIP) ដំបូងគេនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពី Australian Embassy, Cambodia ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម Australian Embassy, Cambodia បានឱ្យដឹងថា មូលហេតុដែលមានការបង្កើតសួនកសិ-ឧស្សាហកម្ម នេះ ដោយបានមើលឃើញថា កសិផលកម្ពុជា ប្រមាណ៩៥% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។ហើយប្រទេសទាំងនោះ បន្ទាប់ពីទិញកសិផលយកទៅ បានកែច្នៃវាទៅជាផលិតផលមានតម្លៃជាងកសិផលដើម ដូចជាធ្វើទៅជា តំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។ក្នុងន័យនេះ ប្រសិនបើកម្ពុជាមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួនវិញនោះ ដែលជាការដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។

ក្នុងនោះ ដើម្បីសម្រេចបាននូវចំណុចនេះ កម្ពុជាចាំបាច់ត្រូវវិនិយោគលើកន្លែងកែច្នៃកសិផលរបស់ខ្លួន។

បើតាម Australian Embassy, Cambodia បានគូសបញ្ជាក់ថា សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវ កន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការនិងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។
សួនកសិ-ឧស្សាហកម្ម មានសក្តានុពលជាខ្លាំងសម្រាប់កម្ពុជា។

គួរឱ្យដឹងផងដែរថា យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិ-ឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លាអាមេរិច ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០ ០០០កន្លែង ដែលជាងពាក់កណ្តាលការងារនេះនឹងជារបស់ស្ត្រី៕