កំពង់ផែពហុបំណង ក្នុងខេត្តកំពត តម្លៃប្រមាណ១៥០០លានដុល្លារ បានចាប់ផ្តើមសាងសង់ហើយ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់កំពង់ផែពហុបំណងក្នុងខេត្តកំពត ដែលមានតម្លៃប្រមាណ១៥០០លានដុល្លារអាមេរិក ត្រូវបានចាប់ផ្តើមបើកការសាងសង់ នាព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះ ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយកិច្ចសន្យាសាងសង់នេះ ធ្វើឡើងរវាងក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ អេនជីនារីង ខមភេនី អិលធីឌី(China Harbour Cambodia)។

ក្នុងឱកាសនោះ លោក Eddie k. Abbas ទីប្រឹក្សាអន្តរជាតិ ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក បានឱ្យដឹងថា ការសម្រេចចិត្តក្នុងការវិយោគនៅកម្ពុជា ដោយសារតែ មើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទោះបីជាប្រទេសកម្ពុជាបានរងនូវសម្ពាធនៃជំងឺកូវីដ តែស្ថេរភាពនៃសេដ្ឋកិច្ចនៅតែអាចដំណើរការបាន ដែលនេះជាកត្តាយ៉ាងសំខាន់ក្នុងទាក់ទាញអ្នកវិនិយោគ។លើសពីនោះ ការដែលក្រុមហ៊ុនសម្រេចចិត្តក្នុងការធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជានោះ ដោយសារក្រុមហ៊ុនមើលឃើញថា វិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយក្រុមហ៊ុនក៏ចង់ឃើញវិស័យដឹកជញ្ជូននៅកម្ពុជា មានលក្ខណៈល្អប្រសើរដូចក្នុងប្រទេសដ៏ទៃទៀត ជាពិសេសអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសនៅក្នុងរតំបន់អាស៊ានបានផងដែរ។

គួរឱ្យដឹងផងដែរថា កំពង់ផែពហុបំណងកំពត បានបើកការដ្ឋាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនី នគរូបនីយកម្ម និងសំណង់។កំពង់ផែពហុបំណង ក្នុងខេត្តកំពត មានតម្លៃ១ ៥០០លានដុល្លារអាមេរិកនេះ សាងសង់លើផ្ទៃដី ៦០០ហិកតា ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដែលវិនិយោគដោយក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត។

កំពង់ផែនេះ មានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០,០០០តោន រហូតដល់ ១០០,០០០តោនអាចចូលសំចតបាន។ដែលជាការប្រតិបត្តិការអាជីវកម្ម ងាយស្រួលដល់អ្នកវិនិយោគទុនដូចជា ការនាំទំនិញចេញចូលក្នុងប្រទេស និងក្រៅប្រទេស ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបីផងដែរ ដែលអាចឱ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់អ្នកវិនិយោគទុនទូទៅគ្រប់ប្រភេទ ផងដែរ៕

អត្ថបទ៖ ស៊ីណាត