កម្ពុជា-វៀតណាម ដាក់ចេញ៤ចំណុច ដើម្បីជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាមបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដោយបានដាក់ចេញនូវ៤ចំណុច ដើម្បីរួមគ្នាជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តិកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចចុះអនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ ស្របពេលនឹងការធ្វើការជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។

ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម នៅពេលមុន និងអំឡុងវិបត្តិជំងឺកូវីដ-១៩ នៅក្នុងក្របខណ្ឌក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចសហប្រតិបត្តិការអាស៊ាន។ ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតសកលនេះមកលើវិស័យទេសចរណ៍។

រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រ និងបន្តការខិតខំប្រឹងប្រែងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាខាងលើ ដែលផ្តោតសំខាន់លើខ្លឹមសារដូចតទៅ៖

១. រួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឲ្យមកទស្សនាប្រទេសទាំងពីរ ព្រមទាំងផ្ដោតសំខាន់លើការផ្លាស់ប្តូរព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

២. បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង និងប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដំណើរការពេញលេញឡើងវិញ តាមរយៈការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចស្វែងយល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំង និងចូលរួមពិព័រណ៍ទេសចរណ៍នៅប្រទេសទាំងពីរ និងនៅព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិនានា ដែលអាចមានឱកាសរៀបចំបាន។

៣. ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយឈរលើសារៈសំខាន់នៃការជំរុញការផ្លាស់ប្ដូរការអនុវត្តល្អៗក្នុងការបណ្តុះបណ្តាល និងអប់រំទេសចរណ៍ ដែលរួមមានការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាវៀតណាម និងភាសាខ្មែរ ព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត។

៤. ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង តាមរយៈវេទិកាវិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗការលើកកម្ពស់ការយល់ដឹងអំពីកាលានុវត្តភាពវិនិយោគ និងការសម្រួលដល់ដំណើរការក្នុងការវិនិយោគ ស្របទៅតាមច្បាប់របស់ប្រទេសនីមួយៗ៕