សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានសម្រេចអនុម័តទាំងស្រុងហើយ

សង្គម​និង​សេដ្ឋកិច្ច

គណៈរដ្ឋមន្ត្រី បានសម្រេចសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញទាំងស្រុងហើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការសម្រេចអនុម័តច្បាប់នេះ គឺធ្វើឡើងក្នុងគោលបំណង កំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល។ទន្ទឹមគ្នានេះ អង្គគណៈរដ្ឋមន្ត្រី រំពឹងទុកដែរថា សេចក្តីព្រាងច្បាប់នេះ នឹងចូលរួមជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ មានចំនួន ៩ជំពូក ដែលរួមមាន ៣៥មាត្រា។ អត្ថប្រយោជន៍ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ ​មានអត្ថប្រយោជន៍ដូចខាងក្រោម កំណត់អំពី​គោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់​ចែង​ដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម​នៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីនានា ដែលកម្ពុជាជាសមាជិក។

លើសពីនេះ សេចក្តីព្រាងច្បាប់នេះដែរ ក៏នឹងជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌ​អង្គការពាណិជ្ជកម្មពិភពលោក និងជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា​ដែលកម្ពុជាជាសមាជិកថែមទៀត៕