កម្ពុជា ចង់ឃើញវិនិយោគិនចិនចូលមកបណ្តាក់ទុន វិនិយោគលើផ្នែក Food Processing នៅប៉ូលសេដ្ឋកិច្ចទី៤

សង្គម​និង​សេដ្ឋកិច្ច

ផ្អែកទៅលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា ចិន មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរបស់កម្ពុជាបានស្នើទៅដល់វិនិយោគិនចិនមួយផ្នែកតូចអាចងាកទៅបណ្តាក់ទុនវិនិយោគលើផ្នែក Food Processingនៅប៉ូលសេដ្ឋកិច្ចទី៤ ដែលជាតំបន់សក្តានុពលនិងងាយស្រួលធ្វើការនំាចេញ ខណៈវិនិយោគិនចិនភាគច្រើនបានវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងឧបករណ៍ឧស្សាហកម្មនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងវេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit នៅថ្ងៃទី១៩ឧសភា លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថា រាជរដ្ឋាភិបាលប្រទេសកម្ពុជា និងរដ្ឋាភិបាលប្រទេសចិនបានជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ មានការលើកកម្ពស់ជាដ៏រាប ដែលកាលពីមុនយើងមានកិច្ចសហប្រតិបត្តិការត្រឹមតែជាមិត្តដែកថែបទេ និងគ្រប់ជ្រុងជ្រោយ ប៉ុន្តែមកដល់ឥឡូវបានតម្លើងកម្រិតជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលកម្រិតនេះបានលើកឡើងកាលពីខែកុម្ភៈ ឆ្នំា២០២៣ កន្លងមកនេះ ដោយថ្នាក់ដឹកនំាចិននិងសម្តេចតេជោហ៊ុន សែន ក្នុងកំឡុងពេលសម្តេចអញ្ចើញទៅទស្សនៈកិច្ចជាផ្លូវរដ្ឋកន្លងទៅថ្មីៗនេះ។

លោក ឈួន ដារ៉ា មានប្រសាសន៍ថា «ចិនមានការវិនិយោគច្រើននៅកម្ពុជា មានក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងឧបករណ៍ឧស្សាហកម្មមួយចំនួន ប៉ុន្តែបើសិនជាធ្វើទៅបានដោយយោងទៅលើពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន ខ្ញុំសូមស្នើរថាអ្នកវិនិយោគចិនអាចងាកមួយផ្នែកតូចទៅរកឧស្សាហកម្មសម្រាប់បម្រើឱ្យការងារដែលយើងហៅថា Food Processing ដែលនៅកម្ពុជាមានសក្តានុពលខ្លំាងហើយយើងអាចនាំចេញទៅខាងក្រៅបានច្រើននិងមានទិសដៅនំាចេញជិត ពិសេសយើងមានប៉ូលសេដ្ឋកិច្ចទី៤មួយ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេស អ៊ីចឹងទេ យើងអាចទៅវិនិយោគនៅតំបន់ទំាងនោះគឺផ្តល់សក្តានុពលឱ្យច្រើន»។

លោកបន្តថាកម្ពុជាស្វាគមន៍អ្នកវិនិយោគ ពិសេសអ្នកវិនិយោគចិនមកធ្វើការរកស៊ីបន្ថែមទៀតហើយសង្ឃឹមថានឹងបានផលប្រយោជន៍ច្រើន ពីព្រោះយើងឃើញថាអ្នកវិនិយោគចិនទំាងឡាយដែលមកវិនិយោគនៅកម្ពុជាគឺភាច្រើនតែងតែបានផលប្រយោជន៍ មិនមានការខាតបង់ហើយរត់ចេញទៅវិញនោះទេ មានតែការពង្រីកមុខរបរជាបន្តបន្ទាប់។នេះបង្ហាញថាបានផ្តល់ផលប្រយោជន៍ ពិសេសផ្តល់ផលប្រយោជន៍ទំាងសងខាងរវាងកម្ពុជានិងចិន។

លោក បញ្ជាក់ថា នេះបញ្ជាក់ឱ្យឃើញថាពាណិជ្ជករចិនប្រុងមកធ្វើការវិនិយោគឬធ្វើពាណិជ្ជកម្មនៅកម្ពុជា ពិតជាមានលក្ខណៈអំណោយផលកើនឡើងជាលំដាប់ បើប្រៀបធៀបទៅនិងបណ្តាប្រទេសផ្សេងៗយើងឃើញថាចិនមានសក្តានុពលទំាងដើមទុនវិនិយោគក៏ដូចជាកិច្ចការរកស៊ីនៅពេលដែលយើងនាំចូលវត្ថុធាតុដើមពីប្រទេសចិនស្រាប់ ខណៈបច្ចុប្បន្ននេះវិនិយោគិនចិនបានមកវិនិយោគនៅកម្ពុជាមានប្រមាណ៨៥% បន្ទាប់ពីប្រទេសទំាងពីរកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែល្អ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ២០២២ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១ ៦៨៦ លានដុល្លារអាម៉េរិក កើនឡើង៥% ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិន បានជាង ១ ២៤០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ១០ ៤៤៥ លានដុល្លារអាម៉េរិក៕
អត្ថបទ៖សារេត