ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចជាការទិញ-លក់ទំនិញ និងសេវាកម្មនៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះកើនឡើងខ្លំាងគួរឱ្យកត់សម្គាល់ នៅថ្ងៃទី១៤ មិថុនានេះ ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាការឆ្លើយតបនិន្នាការថ្មីក៏ដូចជាផ្តល់នូវទំនុកចិត្តដល់អន្តរការី និងបុគ្គលផ្ដល់សេវាដែលធ្វើប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថារាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងអនុក្រឹត្យលេខ១៣៤អនប្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្តីអំពីការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង។

យោងតាមច្បាប់និងអនុក្រឹត្យខាងលើ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យក្រសួងពាណិជ្ជកម្ម ក្នុងការគ្រប់គ្រង និងផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយក្រសួងពាណិជ្ជកម្ម បានចេញប្រកាសស្តីពីការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

លោករដ្ឋមន្រ្តី លើកឡើងថាកន្លងមក អ្នកស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រូវបំពេញព័ត៌មាន និងភ្ជាប់ឯកសារតម្រូវជាទម្រង់ក្រដាស បង់កម្រៃសេវា និងទទួលលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជាទម្រង់ក្រដាសដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម ហើយត្រូវចំណាយពេលវេលាយូរ និងថវិកាថែមពីលើកម្រៃសេវាដែលត្រូវបង់ជូនរដ្ឋ។ ទន្ទឹមនឹងការអនុវត្តនេះ ក្រសួងពាណិជ្ជកម្មបានអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណរួចរាល់ក្នុងគោលបំណងផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលា និងកាត់បន្ថយថវិកាថែមទៀត។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ មានពីរដំណាក់កាលគឺ ដំណាក់កាលទី១ សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ និងដំណាក់កាលទី២ សម្រាប់ការស្នើសុំកែប្រែផ្សេងៗ ហើយក្រុមការងារបានរៀបចំរួចរាល់ ១០០% សម្រាប់ដំណាក់កាលទី១ ដែលនឹងអាចដាក់តភ្ជាប់ជាមួយថ្នាលបច្ចេកវិទ្យា CamDX , ចំពោះដំណាក់កាលទី២ នឹងចាប់ផ្តើមអភិវឌ្ឍន៍បន្ទាប់ពីបានតភ្ជាប់ដំណាក់កាលទី១ជាមួយថ្នាលបច្ចេកវិទ្យា CamDX រួចរាល់»។

បើយោងតាមលោកមរដ្ឋមន្រ្តី ដើម្បីរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងមុំទី៣ នៃចតុកោណទី២ ស្ដីពីការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១–២០៣៥ ក្រសួងពាណិជ្ជកម្មបានធ្វើការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ផ្ដល់សេវាសាធារណៈដូចខាងលើរួចរាល់ជាស្រេច និងបានដាក់បញ្ជូលសេវាចុះបញ្ជីពាណិជ្ជកម្មទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ក្នុងដំណាក់កាលទី១ដែលមានស្ថាប័នតែ៣ប៉ុណ្ណោះ និងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់សេវាផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី៣៕

អត្ថបទ៖សារេត